(កណ្តាល)៖ លោក សេង ស៊ីណារិន ប្រធានក្រុមការងារចុះជួយឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង រួមជាមួយប្រជាពលរដ្ឋនៅក្នុងឃុំអំពៅព្រៃ បានរៀបចំពិសារអំបុករួមគ្នា អកអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ អកអំបុកសន្តិភាព ការពាររាជរដ្ឋាភិបាល អកអំបុកដូនតាប្រហារពួកក្បត់ជាតិ សម រង្សី ហើយក៏ជាការចូលរួមអបអរសាទរថ្ងៃបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា ដែលប្រទេសកម្ពុជា បានទទួលឯករាជ្យពេញលេញ ពីអាណានិគមនិយមបារាំងនៅឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីព្រះករុណា ព្រះមហាវីរក្សត្រ សម្ដេច ព្រះនរោត្ដមសីហនុ។

លោក យឺស ស៊ី (JES SEA ) ជនជាតិអាមេរិកមានសញ្ជាតិកម្ពុជា បានមករស់នៅកម្ពុជារយៈពេល ២៥ឆ្នាំហើយបានចូលរួមក្នុងពិធីនោះដែរ ក៏បានសំដែងនូវការចាប់អារម្មណ៍។
លោក សេង ស៊ីណារិន បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពីសភាពការណ៍នយោបាយសព្វថ្ងៃពីសកម្មភាពទណ្ឌិត សម រង្សី បានភូតកុហសបោកប្រាស់អ្នកគាំទ្រ របស់ខ្លួនថាវិលចូលមកកម្ពុជានៅថ្ងៃនេះតែមិនឃើញមកសោះ។

ទោះបីទណ្ឌិត សម រង្ស៊ី មកឬមិនមកកម្ពុជាមិនជារឿងសំខាន់នោះទេ សូមបងប្អូនកុំមានការព្រួយបារម្មណ៍ពីសន្តិសុខសង្គមឱ្យសោះ។ បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាននិងកំពុងដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍក្រោមម្លប់សន្តិភាព រក្សាធានាបានសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមទូទាំងប្រទេស រក្សាបាននូវបូរណភាពទឹកដី មានកិត្យានុភាពជាតិស្មើមុខមាត់ជាមួយប្រទេសដ៍ទៃនៅលើពិភពលោក។

លោកបានបញ្ជាក់ថា ការប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី តាមរយៈក្រុមប្រឆាំងគឺ ដើម្បី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ បើយោងតាមចរិតធម្មជាតិរបស់ សម រង្ស៊ី ទណ្ឌិតរូបនេះ ដែលមានភាពកំសាកនៅក្នុងខ្លួនតាំងពីដើមមកនោះ ពិតជាមិនហ៊ានវិលចូលស្រុកនោះឡើយ គ្រាន់តែប្រកាសភូតភរមតិជាតិ-អន្ដរជាតិ ដើម្បីបង្ហាញការចាប់អារម្មណ៍ទៅលើខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះ។ ប៉ុន្ដែសម្រាប់រាជរដ្ឋាភិបាលវិញ បានត្រៀមវិធានការរួចជាស្រេចនោះ គឺខ្នោះរង់ចាំទទួលជានិច្ច នៅពេលបង្ហាញវត្តមាននៅកម្ពុជា។
លោកបានអំពាវនាវដល់បងប្អូនចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលសង្គមជាតិកុំជឿតាមការភូតកុហកបោកប្រាស់របស់ទណ្ឌិត សម រង្ស៊ី ដែលបានដើរហួសបន្ទាត់ក្រហមប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថព្រះមហាក្សត្រឱ្យដាក់រាជ្យ មានទោសក្បត់ជាតិ ហើយបើសិនមានអ្នកគាំទ្រទណ្ឌិត សម រង្ស៊ី នៅក្នុងមូលដ្ឋានសូម ចេញមកសារភាព កុំមានការភ័យខ្លាច ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងនៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី១០-១២ ខែ វិច្ឆិកា៕