(ភ្នំពេញ)៖ លោក ស៉ី ជីនភីង ប្រធានាធិបតីចិន បានផ្ញើសារលិខិតថ្វាយព្រះពរ និងអបអរសាទរ ដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ក្នុងឱកាសកម្ពុជាប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិថ្ងៃទី៩ ខែវិច្ឆិកា។ នេះបើយោងតាមសារលិខិតថ្វាយពរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាខួប៦៦ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លា របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ទិវាបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា ត្រូវបានប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរជារៀងរាល់ឆ្នាំ។

លោក ស៉ី ជីនភីង បានផ្ញើសារលិខិតថ្វាយព្រះពរ និងអបអរសាទរជូនព្រះមហាក្សត្រកម្ពុជា និងប្រជាជនកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់!

ក្នុងឱកាសខួប៦៦ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមតាងនាមរដ្ឋាភិបាលចិន និងប្រជាជនចិន ព្រមទាំងរូបខ្ញុំផ្ទាល់ សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងការជូនពរយ៉ាងល្អប្រសើរចំពោះរាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដែលជាបងប្អូន។ ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ការដើរតាមមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របតាមសភាពការណ៍ជាតិរបស់ខ្លួន ហើយទទួលបានសមិទ្ធផលដ៏ធំធេងថ្មីឥតឈប់ឈរ ក្នុងកិច្ចការកសាងជាតិ។ ក្នុងនាមជាប្រទេសជិតខាងមិត្តភាពជាប្រពៃណី យើងមានទឹកចិត្តសោមន្ស រីករាយយ៉ាងក្រៃលែងចំពោះការនេះ។

ខ្ញុំបានយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងកម្ពុជា និងរីករាយខិតខំប្រឹងប្រែងជាមួយព្រះអង្គ ដើម្បីផ្សព្វផ្សាយមិត្តភាពប្រពៃណី ក៏ដូចជាធ្វើឱ្យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មានភាពស៉ីជម្រៅ ព្រមទាំងពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ។ ខ្ញុំថ្នាក់ថ្នមមិត្តភាពពិសេសជាមួយនឹងព្រះអង្គ សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ និងព្រះរាជវង្សានុវង្សកម្ពុជា ស្វាគមន៍ព្រះអង្គ និងព្រះមហាក្សត្រីអញ្ជើញយាងមកពិនិត្យសុខភាព និងសម្រាកព្រះកាយនៅប្រទេសចិនក្នុងគ្រប់ពេលវេលា។

សូមប្រសិទ្ធពរឱ្យព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៌ និងសម្រេចព្រះរាជកិច្ចដោយជោគជ័យ និងរលូន។ សូមជូនពរឱ្យប្រទេសកម្ពុជា មានភាពរុងរឿងថ្កុំថ្កើង ប្រជាជនកម្ពុជាមានសុភមង្គល និងសុខសាន្តត្រាណ៕

ប្រធានសាធារណរដ្ឋប្រជាមានិតចិន ស៉ី ជីនភីង
ថ្ងៃទី៩ វិច្ឆិកា ពីក្រុងប៉េកាំង