(ភ្នំពេញ)៖ សមាជិកក្រុមឧទ្ទាមក្រៅច្បាប់ចំនួន ២នាក់ទៀត នៅតាមមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលសារភាពទោសកំហុស នៅចំពោះមុខអាជ្ញាធរ ក្រោយផុងខ្លួនបាញ់បោកទណ្ឌិត សម រង្ស៉ី ដើរតាមគំនិតក្បត់ជាតិប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ពួកគេទាំង ២នាក់ ក៏បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

សមាជិកក្រុមឧទ្ទាមក្រៅច្បាប់ទាំង២នាក់ ដែលបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖

* ទី១៖ លោក អ៊ុត បាន អាយុ៤៧ឆ្នាំ អតីតសមាជិកគណបក្សសង្គ្រោះជាតិ
* ទី២៖ លោក ប៊ុត គង់ អាយុ៦៦ឆ្នាំ អតីតសមាជិកគណបក្សសង្គ្រោះជាតិ។

ក្រោយបញ្ចប់ការសារភាព និងធ្វើកិច្ចសន្យា អាជ្ញាធរបានអនុញ្ញាតឲ្យពួកគេ ត្រឡប់ទៅផ្ទះវិញធម្មតា។

សូមបញ្ជាក់ថា ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជា។ នេះបើយោងតាមទណ្ឌិត សម រង្ស៉ី ប្រកាសតាមវីដេអូផ្សាយផ្ទាល់លើ Facebook របស់ខ្លួននៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទណ្ឌិត សម រង្ស៉ី បានថ្លែងថា «គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រហែលត្រូវពន្យារពេលបន្តិច....ពីព្រោះក្រុមហ៊ុនអាកាសចរណ៍របស់ថៃ មិនឱ្យខ្ញុំឡើងលើយន្តហោះដែលត្រូវហោះមកប្រទេសថៃ ដើម្បីខ្ញុំបន្តដំណើរទៅប្រទេសកម្ពុជា»

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ឲ្យដឹងថា «សម រង្ស៉ី មិនមានឈ្មោះក្នុងជើងហោះហើរពីប៉ារីស ទៅកាន់ទីក្រុងបាងកក នៅថ្ងៃទី០៧ វិច្ឆិកានេះទេ»