(ភ្នំពេញ)៖ ការប្រកួតជម្រុះពានរង្វាន់ AFC U19 Championship 2020 ពូល G នៅកម្ពុជា នឹងបញ្ចប់ថ្ងៃនេះហើយ ដោយក្រុមជម្រើសជាតិ U19 កម្ពុជា ត្រូវប៉ះប្រ៊ុយណេ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃអាទិត្យ​ ទី១០​ ខែវិច្ឆិកានេះ​ ក្រោយពេលថៃ ត្រូវជួបម៉ាឡេស៊ី នាម៉ោង ៣៖៣០នាទីរសៀលនេះ នៅពហុកីឡដ្ឋានជាតិដូចគ្នា ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ ឆ្នាំ២០២០ នៅប្រទេសអ៊ូសបេគីស្ថាន

សម្រាប់ការប្រកួតទាំង ២គូ សុទ្ធតែជាការប្រកួតដ៏សំខាន់ ពិសេសក្រុម U19 កម្ពុជា, ថៃ និងម៉ាឡេស៊ី ដែលត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គបន្ដ ។ បច្ចុប្បន្នក្រុម U19 ម៉ាឡេស៊ី កំពុងឈរកំពូលតារាង ដោយមាន ៩ពិន្ទុ ក្រោយឈ្នះ ៣ប្រកួតផ្ទួនៗ ខណៈក្រុមគោព្រៃជំទង់កម្ពុជា និងក្រុម U19 ថៃ មាន ៦ពិន្ទុក្នុងដៃស្មើគ្នា ក្រោយឆ្លងកាត់ ៣ប្រកួត​ ឈ្នះ២ និងចាញ់ ១ប្រកួត ។

ដូច្នេះការជួបគ្នារវាងថៃ និងម៉ាឡេស៊ី ដែលអ្នកគាំទ្រកម្ពុជាចង់បាន គឺចង់ឲ្យថៃ ឈ្នះម៉ាឡេស៊ី ហើយក្រុម U19 កម្ពុជា យកឈ្នះក្រុម U19 ប្រ៊ុយណេ ដើម្បីទទួលបាន ៩ពិន្ទុស្មើគ្នា ។ បន្ទាប់មកទើបគេគិតលើរូបមន្ដប្រកួត Head to head និងគ្រាប់ស៊ុតបញ្ចូលទីរបស់ក្រុមនីមួយៗ។ ចំពោះក្រុមឈរកំពូលតារាង នឹងបានឡើងទៅជុំផ្ដាច់ព្រ័ត្រ ហើយក្រុមលេខ២ ត្រូវប្រជែងកៅអីក្រុមលេខ២ ល្អជាងគេ ដើម្បីមានឱកាសឡើងវគ្គបន្ដផងដែរ៕