(ភ្នំពេញ)៖ លោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានលើកឡើងថា បើសិនជារាជរដ្ឋាភិបាល ជាពិសេសតាមរយៈក្រសួងពាក់ព័ន្ធ រៀបចំចុះបញ្ជីការប្រណាំងទូក «ង» ធ្វើជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជារឿងល្អប្រសើរបំផុត ព្រោះជាមោទកភាពជាតិទាំងមូល។

ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News លោក រ័ត្ន សណ្តាប់ អះអាងថា ការចុះបញ្ជីការប្រណាំងទូក«ង» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងធ្វើឲ្យពិភពលោកឃើញថា ខ្មែរយើងគឺជាអាណាចក្រមួយ ដែលចេះប្រើប្រាស់ទូកមានភាពអស្ចារ្យណាស់។ កាលពីសម័យបុព្វកាល ទូក«ង» ត្រូវបានគេប្រើដើម្បីធ្វើចម្បាំង ហើយខ្មែរគឺជាអតីតអាណាចក្រ ដែលពូកែធ្វើចម្បាំងខាងផ្លូវទឹក ដូចប្រទេសមហាអំណាចសព្វថ្ងៃនេះ។

អ្នកជំនាញអារ្យធម៌ខ្មែររូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាបើសិនរាជរដ្ឋាភិបាល ឬក៏ក្រសួងដែលពាក់ព័ន្ធនឹងវប្បធម៌ រៀបចំព្រះរាជពិធីអុំទូកទៅក្នុងបេតិកភណ្ឌពិភពលោក វាជាមោទកភាពជាតិយើង។ មោទនកភាពត្រង់ណា គឺចង់បង្ហាញឲ្យពិភពលោកឃើញថា ខ្មែរយើងគឺជាអាណាចក្រមួយ ដែលចេះប្រើប្រាស់ទូកសម័យនោះ មានភាពអស្ចារ្យណាស់ ពីមុនគេប្រើប្រាស់នៅក្នុងសឹកសង្គ្រាម»

លោក រ័ត្ន សណ្តាប់ បានបន្តថា ឥឡូវនេះ ទូកលែងប្រើប្រាស់ធ្វើសឹកសង្គ្រាមហើយ គឺគេយកទៅប្រើជាប្រពៃណី និងទំនៀមទម្លាប់។ បើនិយាយពីទូកខ្មែរទៀតសោត នៅសម័យបុព្វកាល វាមានលក្ខណៈពិសេសជាងទូក នៃប្រទេសដទៃ។ ពិសេសត្រង់ថា គេមិនទៅប្រើប្រាស់ធម្មតា មិនអាចយកទូកនោះទៅដឹកភ្ញៀវរកស៉ីបានទេ គឺគេទុកចម្បាំង បន្ទាប់មកគេយកទៅទុក មានក្បូនខ្នាតត្រឹមត្រូវ អត់ឲ្យអ្នកណាប៉ះពាល់អ្វីទេ ព្រោះទូកចម្បាំង ទូកសឹក គេមានតំណមច្បាស់លាស់។

លោកបញ្ជាក់ទៀតថា «ទូកខ្មែរមានអាយុរាប់ពាន់ឆ្នាំ។ យើងត្រូវបង្ហាញដល់អន្តរជាតិ ឲ្យគេសរសើរថា ខ្មែរយើងពីដើមមិនធម្មតាទេ»

Advertising