(កំពត)៖ តំណាងរាស្ត្រខេត្តកំពត លោក ម៉ាត់ សេត បានដឹកនាំប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកទឹកឈូ ខេត្តកំពត រៀបចំពិធីហូបអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ និងបានអំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការថ្លែងបែបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងចូលរួមពិធីទទួលទានអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ជាមួយអាជ្ញាធរភូមិឃុំ យុវជន និងប្រជាពលរដ្ឋ នៅភូមិកំពង់កែស ភូមិត្រពាំងសង្កែ ស្ថិតក្នុងឃុំត្រពាំងសង្កែ ភូមិទ្វាថ្មី ភូមិសុខមនិរម្យ ភូមិព្រៃថ្នងខាងត្បូង (ភូមិតំណាក់ហ្លួង) និងភូមិព្រៃថ្នងខាងជើង ស្ថិតក្នុងឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដែលមានអ្នកចូលរួមជាង២,៣០០នាក់។

ក្នុងឱកាសនោះ លោក ម៉ាត់ សេត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់ប្រជាពលរដ្ឋ និងបានលើកឡើងថា ថ្ងៃទី០៩ ខែវិច្ឆិកា ជាខួបលើកទី៦៦ ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ សម្ដេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ហើយប្រជាពលរដ្ឋបានហូបអំបុកជុំគ្នា ដើម្បីរួមរួបសាមគ្គីគ្នាថែរក្សាការពារ ជាតិ សាសនា ព្រះមហាក្សត្រ។

គួរជម្រាបជូនថា ទិវាពិសារអំបុកនេះ ស្របពេលជាមួយនឹងខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាឯករាជ្យជាតិ ដែលកម្ពុជាដណ្ដើមបានពីបារាំងនៅឆ្នាំ១៩៥៣ និងចំពេលខួបលើកទី៦៦ នៃការបង្កើតកងយោធពលខេមរភូមិន្ទដូចគ្នា ហើយក៏ចំពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ ហើយពិធីពិសាអំបុកសាមគ្គីនេះទៀតសោត ក៏ជាទិវាមួយជំនួសឲ្យដំណឹងដ៏អកុសលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលមានបំណងបង្កចលាចល បង្កអសន្តិសុខ អស្ថេរភាព និងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជាផងដែរ ដែលពិធីនេះសម្ដេចតេជោ ហ៊ុន សែន បានឲ្យឈ្មោះថា អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ៕

Advertising