(ភ្នំពេញ)៖ នៅថ្ងៃនេះ កឹម សុខា ដែលជាប់ចោទពីបទឃុបឃិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌ បានទទួលការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការតុលាការ ដោយចៅក្រមស៊ើបសួរសម្រេចបន្ដដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ១៖មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ ៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវ តាមកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។ ដំណឹងនេះបានធ្វើឱ្យក្រុមកឹម សុខា អបអរសាទរប៉ុន្តែក្រុម សម រង្ស៉ី និយមពិតជាមិនសប្បាយចិត្តឡើយ។

មិនបានសប្បាយចិត្តដោយសារតែការបន្ធូរបន្ធយលក្ខខណ្ឌនេះ បានធ្វើឱ្យ កឹម សុខា មានសិទ្ធិធ្វើដំណើរដោយសេរីក្នុងប្រទេសកម្ពុជា ហើយបើនិយាយក្នុងក្របខណ្ឌនៃអតីតខ្មោចបក្សសង្គ្រោះជាតិ កឹម សុខា មានសិទ្ធិគ្រប់គ្រងការងារ។ ការបន្ធូរបន្ធយលក្ខខណ្ឌនេះ បានបញ្ចប់ទាំងស្រុងនូវតួនាទីជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិ ពីទណ្ឌិត សម រង្ស៉ី ព្រោះ សម រង្ស៉ី ខ្លួនឯងបានលើកឡើងថា បើ កឹម សុខា មានសេរីភាព នោះតួនាទីខ្លួននឹងត្រូវបញ្ចប់ភ្លាម។ ពេលនេះ អ្វីៗបានស្ថិតនៅក្នុងកណ្តាប់ដៃរបស់ កឹម សុខា ហើយ កឹម សុខា ពេលនេះក៏បានដឹងច្បាស់ថា តើអតីតដៃគូនយោបាយរួមបក្សរបស់ខ្លួនជាពិសេសទណ្ឌិត សម រង្ស៉ី មូរ សុខហួរ អេង ឆៃអ៊ាង ជាមនុស្សយ៉ាងណាឱ្យពិតប្រាកដ។ ទណ្ឌិត សម រង្ស៉ី ដែលបានលាលែងពីតំណែងជាប្រធាន និងបោះបង់ចោលសមាជិកគណបក្សសង្គ្រោះជាតិ កាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៧ ហើយចុងក្រោយពេលដឹងថា ខ្លួនគ្មានទីតាំងឈរជើង ក៏បានធ្វើបក្សប្រហារ ដណ្តើមតំណែងជាប្រធានខ្មោចគណបក្សសង្គ្រោះជាតិពី កឹម សុខា ដែលត្រូវបានក្រុមកឹម សុខា ថ្កោលទោសយ៉ាងខ្លាំង។

តាមពិត សម រង្ស៉ី និងបក្ខពួកមួយក្តាប់តូចរបស់ខ្លួនមិនចង់ឱ្យ កឹម សុខា មានសេរីភាពឡើយ ហើយបន់ស្រន់ និងខិតខំធ្វើសកម្មភាពយ៉ាងណាដើម្បីឱ្យ កឹម សុខា ស្ថិតនៅក្នុងការឃុំខ្លួន ឬលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការកាន់តែខ្ពស់ ពួកគេកាន់តែសប្បាយចិត្ត។ សម រង្ស៉ី និងបក្ខពួកបាននិយាយថា សម រង្ស៉ី និង កឹម សុខា គឺជាមនុស្សតែមួយ ប៉ុន្តែ សម រង្ស៉ី បានក្បត់នឹងទស្សនៈនេះហើយ ធ្វើសកម្មភាពផ្សេងៗដែលកាន់តែរុញ កឹម សុខា ឱ្យជាប់ជំពាក់នឹងច្បាប់កាន់តែខ្លាំង។ ចុងក្រោយនេះ សម រង្ស៉ី បានសម្រេចដោយគ្មានការពិភាក្សាយោបល់ជាមួយក្រុម កឹម សុខា ក្នុងការប្រើបដិវត្តន៍ហិង្សា ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត សេរី ត្រឹមត្រូវ និងយុត្តិធម៌ដោយមានការចូលរួមពីអ្នកបោះឆ្នោតចំនួន ៨៣,០២% អញ្ជើញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩ ហើយពេលនោះគណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងឆ្នោតជាង ៧០%។ តាមរយៈមេធាវីការពារក្តីរបស់ខ្លួន កឹម សុខា បានប្រឆាំងនឹងផែនការរបស់ សម រង្ស៉ី និងប្រឆាំងនឹងលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុម សម រង្ស៉ី កាលពីខែធ្នូ ឆ្នាំ ២០១៨ ដែលឃុបឃិតគ្នាឱ្យ សម រង្ស៉ី មនុស្សក្រៅបក្សមកដឹកនាំ។

កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ពេលមកដល់ព្រលានយន្តហោះ នៅប្រទេសម៉ាឡេស៊ីទណ្ឌិតសម រង្ស៉ី បានទម្លាយព័ត៌មានក្នុងទឹកមុខអស់ស្ឃឹមថានឹងមានការដោះលែង កឹម សុខា។ ហើយដើម្បីបបង្អាក់ការគិតគូរពីការដោះលែង កឹម សុខា ទើប សម រង្ស៉ី បានផ្សព្វផ្សាយមុនពីដំណឹងនេះព្រោះធ្វើឱ្យសម រង្ស៉ី ចប់គ្រប់ទិដ្ឋភាពទាំងអស់ទាំង នៅក្នុងឆាកនយោបាយកម្ពុជា និងក្នុងតួនាទីជាប្រធានទីស្តីខ្មោចបក្សសង្គ្រោះជាតិដែលបំផ្លាញនូវនយោបាយរបស់ សម រង្ស៉ី។

សម រង្ស៉ី និងបក្ខពួកពិតជានឹងលាបពណ៌ កឹម សុខា និងក្រុមកឹម សុខា និយម ព្រោះថាការដោះលែង កឹម សុខា ដែលទណ្ឌិត សម រង្ស៉ី ធ្លាប់បាននិយាយថា ប្រសិនបើកើតមានឡើងមែន គឺមកពី កឹម សុខា លក់ខ្លួនឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម រង្ស៉ី ក៏ធ្លាប់បានប្រមាថជីវិត កឹម សុខា ដោយយកមកធ្វើជាល្បែងភ្នាល់ និងចុងក្រោយថាខ្លួននឹងមិនល្ងង់មកជាប់គុកដូច កឹម សុខា និងស្លាប់ខ្លួនដូចសពបណ្ឌិត កែម ឡី នោះឡើយ។ សម រង្ស៉ី និងបក្ខពួកពិតជាមិនសប្បាយចិត្តឡើយ និងខិតខំប្រើគ្រប់ល្បិចកលដើម្បីធ្វើឱ្យ កឹម សុខា ជាប់ឃុំ ឬស្ថិតក្រោមលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការធ្ងន់ធ្ងរ។

ប៉ុន្តែល្បិចកលទុច្ចរិតរបស់ សម រង្ស៉ី នឹងមិនអាចទទួលបានជោគជ័យឡើយ។ ពេលនេះ កឹម សុខា បានទទួលសេរីភាពស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ខណៈសម រង្ស៉ី ទទួលបរាជ័យយ៉ាងអាម៉ាស់ ក្នុងការសន្យាវិលត្រឡប់មកកម្ពុជាវិញរបស់ខ្លួននៅថ្ងៃទី៩ ខែវិច្ឆិកា ប៉ុន្តែគ្មានមិនបានធ្វើតាមការសន្យា។ អួតខ្លួនថានឹងមានមនុស្សជាង ២ លាននាក់ហែរហមខ្លួនរួមទាំងតំណាងរាស្ត្រអឺរ៉ុបអាមេរិក តែទីបំផុតគ្មាន មនុស្សចេញមកតាមការអំពាវនាវរបស់ខ្លួន។

ពេលនេះ ជីវិតនយោបាយរបស់សម រង្ស៊ី ត្រូវបានបញ្ចប់ទាំង ស្រុងទាំងនយោបាយ និងទាំងតួនាទីជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិ។ អ្នកដែលទទួលបានជ័យជម្នះគឺ កឹម សុខា ព្រោះកឹម សុខា បានស្គាល់កាលៈទេសៈច្បាស់ និងជាអ្នកដែលអាចទាញផលប្រយោ ជន៍បានពីដៃគូនយោបាយខ្លួន គឺកឹម សុខា បានអំពាវនាវឱ្យអ្នកគាំទ្រខ្លួននៅស្ងៀម និងតាំងខ្លួនថាជាក្រុម អហិង្សានិយម ខណៈសម រង្ស៊ី និងក្រុមសម រង្ស៊ី និយមបង្ហាញពីបដិវត្តន៍ហិង្សាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កការព្រួយបារម្ភដល់ប្រជាជនកម្ពុជា ខណៈការវិលត្រឡប់របស់ សម រង្ស៊ី គឺមិនមែនបុព្វ ហេតុសន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាការវិលត្រឡប់ដោយហិង្សា និងភ្ជាប់មកជាមួយផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា