(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅដល់វេទិកាកិត្តិយសហើយ ដើម្បីបើក និងទតការប្រណាំងទូកងថ្ងៃទី១ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាបរិវេណមាត់ទន្លេ ទល់មុខព្រះបរមរាជវាំង។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល០៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ នៅឆ្នាំ២០១៩នេះ ព្រះរាជពិធីបុណ្យអុំទូក ដំណើរការទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា៕

សូមប្រិយមិត្ត ទស្សនាកម្រងរូបភាព ដែលព្រះមហាក្សត្រ យាងជាព្រះរាជអធិបតី ដើម្បីបើកនិងទូតការប្រណាំងទូក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ ដូចតទៅ៖