(ព្រះវិហារ)៖ ពិធីហូបអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំធ្វើឡើងយ៉ាងគគ្រឹកគគ្រេង និងសប្បាយរីករាយនៅទូទាំងប្រទេស តបតាមការអំពាវនាវរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យ៉ាងណាមិញ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តព្រះវិហារ គេសង្កេតឃើញពិធីហូបអំបុកសាមគ្គីនេះ បានធ្វើឡើងនៅទូទាំងភូមិ ឃុំ ស្រុកនិងតាមមន្ទីរ អង្គភាពរបស់រដ្ឋ។ ជាមួយនឹងការជួបជុំគ្នាហូបអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រនោះ នៅកន្លែងខ្លះក៏មានរៀបចំហូបអារហារសាមគ្គី និងរាំលេងកំសាន្តយ៉ាងសប្បាយរីករាយផងដែរ។

ដោយឡែក នៅច្រកតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារសមត្ថកិច្ចខ្មែរនិងសមត្ថកិច្ចថៃ ក៏ដូចជាបងប្អូនអាជីវករ បានជួបជុំគ្នា រៀបចំពិធីហូបអំបុកសាមគ្គីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាំលេងកំសាន្តយ៉ាងសប្បាយរីករាយ។

លោក ឈិន ខ្នា ប្រធានទំនាក់ទំនងព្រំដែនច្រកតំបន់អានសេះ បានថ្លែងថា ការរៀបចំពិធីហូបអំបុកនៅពេលនេះ គឺដើម្បីអបអរសារទរបុណ្យឯករាជ្យជាតិ ក៏ដូចជាបង្ហាញអំពីការសាមគ្គី របស់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមព្រំដែនទាំងខ្មែរនិងថៃ ក៏ដូចជាបងប្អូនអាជីវករនៅច្រកអានសេះទាំងមូល។

លោកបានបន្តទៀតថា កម្មវិធីហូបអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រដែលភាគីកម្ពុជាបានធ្វើនៅច្រកតំបន់អានសេះនេះ បានអញ្ជើញភាគីថៃឲ្យចូលរួមផងដែរ។ ជាទូទៅសមត្ថកិច្ចខ្មែរនិងថៃនៅច្រកអានសេះ គឺតែងតែសហការគ្នាបានយ៉ាងល្អ ដូចជាប៉ុន្មានថ្ងៃនេះភាគីថៃ បានយករូបថតជនក្បត់ជាតិទាំង៩នាក់ បិទនៅច្រកព្រំដែនដោយឯកតោភាគី បង្ហាញឲ្យឃើញថាភាគីថៃ ផ្តល់កិច្ចសហការល្អជាមួយភាគីកម្ពុជា៕

Advertising