(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រខែ ត្រូវបានប្រារព្ធធ្វើឡើងដូចការគ្រោងទុក្ខមិនមានការរំខានណាមួយនោះឡើយ បើទោះបីមុនការប្រារព្ធព្រះរាជពិធីមានការគំរាមកំហែងផ្លូវអារម្មណ៍ព្រោះតែការប្រកាសចាប់ខ្លួននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពីក្រុមអ្នកនយោបាយកំពុងរស់នៅក្រៅប្រទេសនាថ្ងៃ០៩ ខែវិច្ឆិកា ក៏ដោយនោះ។

ព្រះរាជពិធីបុណ្យអុំទូកដែលចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ បានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គបានសព្វព្រះរាជហឫទ័យគង់ប្រថាប់ទតការប្រណាំងទូត និងប្រទានភ្លើងជ័យដល់ប្រទីបរបស់ព្រះព្រះបរមរាជវាំងផងដែរ។

ក្នុងព្រះរាជពិធីដែលបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែងនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឧត្តមមន្ត្រី ឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូបទៀត។ ឯកអគ្គរាជទូត រដ្ឋទូតបណ្តាប្រទេសជាមិត្តដែលមាននិវេសនដ្ឋានប្រចាំនៅកម្ពុជា ក៏បានអញ្ជើញចូលរួមផងដែរ។

បើទោះបីជាយ៉ាងណាចំនួនអ្នកចូលរួមទស្សនាការប្រណាំងទូក និងដើរលេងកម្សាន្តនាពេលរាត្រីថ្ងៃដំបូងនៃការប្រារព្ធព្រះរាជពិធីនេះ អ្នកចូលរួមទស្សនាមានការស្រកស្រុតមិនច្រើនដូចបណ្តាឆ្នាំកន្លងទៅនោះទេ។ ការស្រកស្រុតចំនួនអ្នកចូលរួមទស្សនានេះ ដោយសារមានប្រជាពលរដ្ឋមួយចំនួនបានព្រួយបារម្ភខ្លាចមានបាតុភាពណាមួយកើតឡើងក្នុងឱកាសប្រារព្ធព្រះរាជពិធីនេះ។

កម្មករ កម្មការិនីជាច្រើនដែលធ្លាប់តែនៅដើរលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកនាបណ្តាឆ្នាំកន្លងទៅនោះ ត្រូវបានអាណាព្យាបាលហៅឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នកនៅក៏ត្រូវបានអាណាព្យាបាលណែនាំមិនឱ្យដើរលេងកម្សាន្តផងដែរ។

បើទោះបីជាយ៉ាងណាការប្រារព្ធព្រះរាជបុណ្យអុំទូកនៅថ្ងៃដំបូងមិនមានបាតុភាពណាមួយកើតឡើងនោះឡើយ។ កងកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ ត្រូវបានដាក់យាមកាមនៅតាមគោលដៅសំខាន់ ហើយក៏មានការចល័តក្នុងបរិវេណប្រារព្ធព្រះរាជពិធីផងដែរ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលចូលរួមលេងកម្សាន្ត។

ដ្បិតថាវោហាសាស្ត្ររបស់អ្នកនយោបាយនៅក្រៅប្រទេសដឹកនាំដោយ លោក សម រង្ស៉ី ដែលថាចូលមកចាប់នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃ០៩ ខែវិច្ឆិកា នាំឱ្យប៉ះពាល់សតិអារម្មណ៍ និងបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋមួយចំនួនលែងហ៊ានដើរលេងកម្សាន្តយ៉ាងណាក្តី តែក៏នៅមានប្រជាពលរដ្ឋជាច្រើនទៀត បានចេញមកលេងកម្សាន្តក្នុងព្រះរាជពិធីនេះដោយក្តីសប្បាយរីករាយ និងកក់ក្តៅដោយគ្មានការព្រួយបារម្ភនោះដែរ។

ប្រជាពលរដ្ឋដែលចូលរួមលេងកម្សាន្តបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ពួកគាត់ក៏បានបង្ហាញការជឿជាក់ និងកក់ក្តៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធថានឹងរក្សាបាននូវសុខសុវត្ថិភាពក្នុងព្រះរាជពិធីនេះសម្រាប់អ្នកដើរលេងកម្សាន្ត។ ប្រជាពលរដ្ឋដែលបានចូលរួមដើរលេងកម្សាន្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់ហ៊ានចូលរួមលេងកម្សាន្តនោះ ឱ្យចូលរួមលេងកម្សាន្តកុំបីមានការព្រួយបារម្ភ៕

Advertising