(កែប)៖ ឆ្នេរសមុទ្រកែប នៃខេត្តកែប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវនឹងថ្ងៃទី២ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ខណៈសន្តិសុខមានដំណើរការយ៉ាងល្អប្រសើរ ក្រោមដំបូលសន្តិភាព នៃការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា។ មិនថានៅរាជធានីភ្នំពេញ ឬមូលដ្ឋាននានាទូទាំងប្រទេសទេ ប្រជាពលរដ្ឋបានចូលរួមដើរលេងកម្សាន្តយ៉ាងរីករាយ ពោលមិនខ្វល់ពីក្រុមឧទ្ទាម ដែលតែងតែចង់បង្កអសន្តិសុខចំពោះជាតិ។

ព្រះរាជពិធីបុណ្យអុំទូក មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល០៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប៕

សូមទស្សនាវីដេអូ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទៅលេងកម្សាន្តនៅឆ្នេរកែប៖