(ភ្នំពេញ)៖ បន្ទាប់ពីបានជួបអគ្គរដ្ឋទូតបារាំង និងអាមេរិក កាលពីម្សិលមិញនោះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបន្តទទួលជួប ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ លោក មុត ចន្ថា នាយកខុទ្ទកាល័យ លោក កឹម សុខា។

ជំនួបទាំង២នេះធ្វើឡើងនៅគេហដ្ឋានលោក កឹម សុខា ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងនោះជួបជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ នៅម៉ោង ០៩:៣០ ព្រឹក និងជួបជាមួយ ឯកអគ្គរាជទូតអូស្រ្តាលី នៅម៉ោង១៖៣០នាទីរសៀល។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

ក្នុងជំនួបជាមួយអគ្គរដ្ឋទូតបារាំង និងអគ្គរដ្ឋទូតអាមេរិក កាលពីម្សិលមិញ ភាគីទាំងអស់បានចែករំលែកបទពិសោធន៍ និងសួរសុខទុក្ខគ្នាទៅវិញទៅមក ដោយមិនបានពិភាក្សាអំពីបញ្ហានយោបាយនោះឡើយ៕