(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានអះអាងថា ជំនួបរវាងលោក កឹម សុខា និងលោក Christan Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដូចទៅនឹងជំនួបមុនៗដែរ ដោយផ្តោតសំខាន់លើការសួរសុខទុក្ខ និងបញ្ហាសុខភាពរបស់ លោក កឹម សុខា។

លោក មុត ចន្ថា បានបញ្ជាក់ដូច្នេះថា៖ «ជំនួបនេះមិនខុសអ្វីពីជំនួបមុនៗទេ ឯកឧត្តមអគ្គរដ្ឋទូត គាត់បានមកសម្តែងការសួរសុខទុក្ខ ក៏ដូចជាពិភាក្សាអំពីបញ្ហាសុខភាព ព្រោះបង ប្អូនឃើញហើយនៅក្នុងសេចក្តីសម្រេចរបស់តុលាការ ការបន្ធូរបន្ថយលក្ខខណ្ឌចំពោះការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការហ្នឹង គឺផ្អែកលើបញ្ហាសុខភាព»

លោក មុត ចន្ថា បានបន្តទៀតថា ក្រៅពីនោះនៅក្នុងជំនួបក៏មានការជជែកអំពីបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ លោកអះអាងថា៖ «ហើយក៏បានជជែកគ្នាអំពីបញ្ហាប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា រួមគ្នាកសាងប្រជាធិបតេយ្យទៅមុខទៀត និងផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ»

លោកបន្តថា លោកអគ្គរដ្ឋទូតបានរំលេចប្រាប់ លោក កឹម សុខា អំពីសេចក្តីថ្លែងការណ៍របស់អឺរ៉ុប កាលពីម្សិលមិញ។ ជំនួបនោះ មិនមានជជែកពាក់ព័ន្ធនឹង លោក សម រង្ស៉ី នោះទេ។

សូមបញ្ជាក់ថា លោក កឹម សុខា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។