(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានទទួលជួបសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ប្រទេសចិន ដែលបានមកបំពេញទស្សនកិច្ចស្វែងយល់អំពី សក្ដានុពលវិនិយោគនៅកម្ពុជា។ សម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ត្រូវបានដឹកនាំដោយលោក ហ៊ូស៊ីន វូ (Huaxin Wu) ប្រធានក្រុមហ៊ុន Eversun Holding Group Co. Ltd និងជាសមាជិកសភាប្រជាជនខេត្តហ្វូជៀន និងមានសហការីមួយចំនួនទៀត។

នៅក្នុងជំនួបនេះ លោក ហ៊ូស៊ីន វូ បានជម្រាបជូនថា ការរីកចម្រើន និងកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា ពិតជាមានល្បឿនមួយដ៏គួរឱ្យកត់សម្គាល់ និងកោតសរសើរ។ ចំពោះដំណើរទស្សនកិច្ចរបស់ សម្ព័ន្ធធុរកិច្ចរបស់លោក គឺមានបំណងពិនិត្យលើសក្ដានុពលដើម្បីធ្វើការវិនិយោគ ដោយនៅក្នុងសម្ព័ន្ធនេះ មានក្រុមហ៊ុនប្រមាណ ១០០ក្រុមហ៊ុន ដែលមានជំនាញ និងបទពិសោធន៍ចម្រុះ រួមមាន៖ ការផលិតឧបករណ៍អេឡិចត្រូនិក កែច្នៃដែកថែប សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុ ប្រព័ន្ធទឹកស្អាត និងចម្រាញ់ប្រេងឥន្ធនៈ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា ជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុន ដូចបានលើកឡើងដោយលោក វូ ជាពិសេសការផលិតទឹកស្អាត ជាការងារមួយដែលកំពុងតែមានតម្រូវការខ្ពស់នៅខេត្តព្រះសីហនុ ហើយលោកក៏បានលើកទឹកចិត្តឲ្យសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ពិនិត្យលើឱកាសវិនិយោគលើការផលិតទឹកស្អាតនេះ។

ម្យ៉ាងវិញទៀត កម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហូបនីយកម្ម ដូចនេះនឹងមានតម្រូវការច្រើនលើការកែច្នៃដែកថែប អេឡិចត្រូនិក និងថាមពលជាដើម។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ពិនិត្យលទ្ធភាពចូលរួមក្នុងការកែច្នៃផលិតផលកសិកម្ម ដូចជា ស្វាយ ចេក មៀន ដំឡូងមី កៅស៊ូ និងកសិផលដទៃទៀត ដើម្បីធ្វើការនាំចេញ ដោយកសិផលទាំងនោះ ជាកសិផលដែលមានការផលិតច្រើននៅកម្ពុជា។ ចំពោះការវិនិយោគលើហេដ្ឋារចនារូបវន្ត លោករដ្ឋមន្ត្រី បានជម្រាបជូនថា ក្រុមហ៊ុនចិនអាចស្វែងយល់បន្ថែមលើការវិនិយោគក្រោមរូបភាពសម្បទាន ឬការចាប់ជាដៃគូជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ និងហិរញ្ញប្បទានបន្ថែមពីក្របខណ្ឌ «ខ្សែក្រវ៉ាត់ និងផ្លូវ»