(ភ្នំពេញ)៖ ពន្ធនាគារវិនិយោគព្រៃស គម្រោងទី១ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដែលអាចផ្ទុកអ្នកជាប់ឃុំ រហូតដល់ជាង៤០០នាក់ (តួលេខបង្ហាញដោយក្រុមហ៊ុន) ត្រូវបានក្រុមហ៊ុន គន្ធ រីខុន ហូលឌីង ដែលទទួលបានសិទ្ធិសាងសង់ប្រគល់ជូនក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តាមរយៈអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ។

បន្ទាប់ពីទទួលបានពីក្រុមហ៊ុន ឯកជន នៅព្រឹកមិញនេះ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក៏បានប្រគល់បន្ដទៅឲ្យ អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ ដោយផ្ទេរអ្នកជាប់ឃុំនៅពន្ធនាគារដែលមានស្រាប់ មកពន្ធនាគារថ្មីនេះ សម្ដៅសម្រួលភាពចង្អៀតណែន។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ ប៊ុនណារិន, លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គីមសេង អគ្គនាយកពន្ធនាគារ, នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកភស្ដុភារ និងខាងតំណាងក្រុមហ៊ុនឯកជនផងដែរ។

គួរជម្រាបថា រហូតមកដល់ពេលនេះ ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ នៅទូទាំងប្រទេសមានជាង៣៦,៦០០នាក់ ក្នុងនោះស្រីជាង៣,០០០នាក់ ដែលភាគច្រើនជាបទល្មើសគ្រឿងញៀន។ នេះបើតាមការឲ្យដឹងពី លោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ។

បើតាមលោក នុត សវនា សម្រាប់ ចំនួនអ្នកជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី១ «ម១» មានចំនួន៩,៤៥០នាក់ និងមណ្ឌលអប់រំកែប្រែទី២ «ម២» (ហៅថា គុកព្រៃស) មានចំនួន១,៨៥៥នាក់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមឲ្យក្រុមហ៊ុន គន្ធ រីខុន ហូលឌីង វិនិយោគសាងសង់អគារស្នាក់នៅ អគារអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន និងអគារថែទាំសុខភាព សម្រាប់ផ្ដល់សេវាកម្មដោយផ្ដាច់មុខដល់ជនជាប់ឃុំទាំងឡាយ ដែលមានលទ្ធភាពបង់ថ្លៃសេវាដោយស្ម័គ្រចិត្ត ក្រោមរូបភាពសាងសង់ប្រតិបត្តិការ និងផ្ទេរ (BOT) រយៈពេល៤៥ឆ្នាំ ដែលទំហំវិនិយោគសរុប ជាង៤លាន១សែនដុល្លារ។

ចាប់ពីថ្ងៃចុះកិច្ចសន្យាមក ក្រុមហ៊ុនបានដំណើរការសាងសង់ បំពាក់សម្ភារ និងបានបញ្ចប់ការងារសាងសង់មួយភាគធំ ព្រមទាំងបានដាក់សំណើមក ក្រសួងមហាផ្ទៃ ដើម្បីរៀបចំដាក់ដំណើរការពន្ធនាគារនេះផងដែរ។ ប៉ុន្ដែដោយមានការណែនាំពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចង់ទិញយកគម្រោងវិនិយោគនេះ ពីក្រុមហ៊ុនវិញ ដើម្បីយកមកអនុវត្តក្នុងក្របខណ្ឌក្រសួងមហាផ្ទៃវិញ ទើបសម្រេចបង្កើតក្រុមការងាររបស់ក្រសួង ពិភាក្សា និងសិក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យលទ្ធភាពទិញយកគម្រោងវិនិយោគនេះ។

ក្រោយមកក្រុមហ៊ុន គន្ធ រីខុន ហូលឌីង ក៏បានយល់ព្រមលក់គម្រោងវិនិយោគនេះ មកឲ្យក្រសួងមហាផ្ទៃ និងស្នើសុំប្រគល់សំណង់អគារ សម្ភារបំពាក់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់ និងបំពាក់សម្ភាររួច មកឲ្យក្រសួងមហាផ្ទៃគ្រប់គ្រង និងចាត់ប្រើប្រាស់ទៅតាមគោលបំណងរបស់ក្រសួងមហាផ្ទៃ៕