(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) បានសហការរៀបចំជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា គ្រោងនឹងរៀបចំ «មហោស្រពវប្បធម៌កូរ៉េ លើកទី៣» ប្រចាំឆ្នាំ២០១៩ នៅថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៧៖៣០ព្រឹក ដល់ម៉ោង០៧៖០០ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា មហោស្រពវប្បធម៌កូរ៉េនេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីពាំនាំនូវទស្សនីយភាព និងចែករំលែកបទពិសោធន៍ល្អៗ ភាពសប្បាយរីករាយ ជូនដល់អ្នកចូលរួមទាំងអស់។

មហោស្រពវប្បធម៌កូរ៉េ បានក្លាយជាពិធីបុណ្យដ៏ធំជាងគេ ប្រចាំឆ្នាំរបស់ CKCC ដោយទទួលបានការគាំទ្រ ពីអ្នកចូលរួមប្រមាណជាង៣,៥០០នាក់ នា២ឆ្នាំកន្លងទៅនេះ។ តាមរយៈភាពជោគជ័យនេះផងដែរ មហោស្រពវប្បធម៌កូរ៉េ នឹងបង្ហាញខ្លួនសារជាថ្មី ជាលើកទី៣ ដែលប្រារព្ធនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដូចអ្វីដែលបានសន្យា ជាមួយអ្នកចូលរួមតាំងពីពីរឆ្នាំកន្លងទៅ។

អ្នកចូលរួម អាចនឹងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនដូចជា៖

* ការសម្តែងសិល្បៈ
* ការប្រគុំភ្លេងបុរាណមហោរី ដែលអមជាមួយ ការសម្តែងឧបករណ៍ភ្លេងប្រពៃណីកូរ៉េកាយ៉ាគឹម
* ការសម្តែងតៃក្វាន់ដូរ
* ការសម្តែងគុនល្បុក្កតោ
* ការប្រគុំតន្ត្រី K-pop
* ការលេងល្បែងប្រជាប្រិយកូរ៉េ
* ការផាត់មុខបែបកូរ៉េ (K-beauty)
* ការបង្រៀន និងការប្រកួតធ្វើម្ហូបកូរ៉េ
* ការលេងល្បែងល្បងប្រាជ្ញា ស្តីពីចំណេះដឹងទូទៅ ទាក់ទងនឹងប្រទេសកូរ៉េ
* ការតាំងលក់ផលិតផល និងម្ហូបកូរ៉េជាច្រើនមុខ។ លើសពីនេះ ក៏មានការចែកជូនម្ហូបកូរ៉េឆ្ងាញ់ៗ ដល់អ្នកចូលរួមផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ៖