(កណ្ដាល)៖ សំណើរសរុបចំនួន ២០ចំណុច ដែលប្រជាពលរដ្ឋរស់នៅឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល បានលើកឡើងនៅក្នុងវេទិកាពិគ្រោះយោបល់នៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបាន លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្អាង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំខ្ពប ព្រមទទួលយកទៅដោះស្រាយជូន។

លោក លុយ ដាវីត បានលើកឡើងថា ផ្អែកតាមសមទ្ធិផលដែលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ចូលរួមចំណែកអនុវត្តអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបន្តទៀតនោះ ក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានឃុំខ្ពប បានរៀបចំធ្វើវេទិកានេះ គឺមានគោលបំណង បង្កើនការទំនាក់ទំនងឲ្យកាន់តែជិត រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងការលំបាករបស់ពួកគាត់ ហើយនឹងផ្តល់ឱកាសឲ្យបងប្អូន លើកយកនូវរាល់បញ្ហាប្រឈម និងសំណូមពរនានា ជូនអាជ្ញាធរ និងថ្នាក់ដឹកនាំរិះរកវិធីសាស្រ្តជួយដោះស្រាយ ដោយប្រសិទ្ធភាព។

សូមបញ្ជាក់ដែរថា ក្នុងវេទិកានេះមានសំណើរសំណូមពរចំនួនសរុប ២០ពាក់ព័ន្ធនឹងការបម្រើឲ្យផលប្រយោជន៍រួមដូចជា ការសុំជួលជុលផ្លូវ ដាក់បង្គោលភ្លើងតាមផ្លូវ សុំលូ ស្តារប្រឡាយ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន៕