(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិអប់រំអន្តរជាតិ នៃប្រទេសសិង្ហបុរី ព្រមទាំងមូលនិធិថេម៉ាសេកអន្តរជាតិ នឹងរៀបចំការបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំសាលារៀន» មានរយៈពេល៣ឆ្នាំ ដោយចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០២១។

វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំទៅចំនួន៦លើក ក្នុងនោះរៀបចំនៅកម្ពុជាចំនួន៥លើក និងរៀបចំនៅសឹង្ហបុរី១លើក។ វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវបានសម្របសម្រួល និងឧទ្ទេសដោយសាស្ត្រាចារ្យនៃវិទ្យាស្ថាន ជាតិអប់រំអន្តរជាតិប្រទេសសិង្ហបុរី និងមានសិក្ខាកាមចូលរួម១២៨នាក់ រួមមានមន្ត្រីជំនាញដែលមានបទពិសោធន៍ ក្នុងការងារគ្រប់គ្រងសាលារៀន២០នាក់ នាយក និងនាយករង១០៨នាក់ ជាគណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សា ក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, បាត់ដំបង, កំពង់ចាម និងខេត្តតាកែវ។

អំឡុងពេលនៃកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូនេះភាគីកម្ពុជា និងភាគីសិង្ហបុរីនឹងមានឱកាស សិក្សាស្វែងយល់អំពី ស្ថានភាពអប់រំ និងផ្លាស់ប្តូរបទពិសោធន៍ការងារអប់រំក្នុងបរិបទនៃ ប្រទេសទាំងពីរផងដែរ។

ពិធីសម្ពោធជាផ្លូវការនៃកម្មវិធីបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំសាលារៀន» នឹងនឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕