(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ បានត្រៀមរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់ឱ្យប្រើប្រាស់ គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ នៅសណ្ឋាគារ Garden City។

ពិធីដ៏សំខាន់ទាំងពីរខាងលើ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ រីឯពិធីបិទវេទិកានឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

រយៈពេលពេញ១ថ្ងៃស្អែកនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ជាសមាជិករាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមដែលប្រតិបត្តិការក្នុងឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យ សរុបប្រមាណ ៦០០នាក់។

ជាងនេះទៀត វេទិកានេះនឹងមានវាគ្មិនល្បីៗមកពីក្រសួង-ស្ថាប័នរដ្ឋ អង្គការជាតិ-អន្តរជាតិ ផ្នែកឯកជន សមាគម សហគមន៍ ចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ហើយក៏នឹងមានសេចក្តីថ្លែងការណ៍ (Declaration) លើកទី១ ស្តីពីការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងដែរ៕