(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចេញសេចក្តីជូនដំណឹងថា ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌានៃរដ្ឋាភិបាលឥណ្ឌា នឹងផ្តល់អាហារូបករណ៍សម្រាប់សិស្ស-និស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត នៅតាមបណ្តាសាកលវិទ្យាល័យនៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។

បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈគ្រប់គ្រាន់អាចចុះឈ្មោះ និងដាក់ពាក្យតាមអនឡាញតាមរយៈគេហទំព័រៈ http://www.a2ascholarships.iccr.gov.in ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ។

សម្រាប់ព័ត៌មានលម្អិតស្តីពីការណែនាំនៃការដាក់ពាក្យ ព័ត៌មានសង្ខេបពីទីក្រុង បញ្ជីឈ្មោះសាកលវិទ្យាល័យ លក្ខខណ្តិកៈថ្លៃអាហារូបករណ៍ សំណួរទាំងអស់នេះ (FAQ) គឺមាននៅក្នុងគេហទំព័រអាហារូបករណ៍។

ប្រភេទអាហារូបករណ៍ក្រោមកិច្ចសហការទន្លេមេគង្គ-គង្គា ផ្តល់ជូនសំបុត្រយន្តហោះទៅវិញទៅមកដល់ប្រលានយន្តហោះ ដែលនៅជិតបំផុត និងជិះរថភ្លើងប្រភេទ AC ទៅដល់សាកលវិទ្យាល័យប្រសិនជាបាំបាច់ ដែលការផ្តល់ជូននេះបន្ថែមទៅលើថ្លៃឧបត្ថម្ភសម្រាប់ការស្នាក់នៅប្រចាំខែ និងអត្ថប្រយោជន៍មួយចំនួនទៀតក្នុងលក្ខខណ្ឌអាហារូបករណ៍។

សិស្សនិសិ្សតអាចចូលទៅមើលឈ្មោះសាកលវិទ្យាល័យ ដែលមាននៅក្នុងគេហទំព័រអាហារូបករណ៍ ស្តីព័ត៌មានលម្អិត មុខវិជ្ជា និងលក្ខខន្តិកៈ ដែលសាកលវិទ្យាល័យទាំងនោះមាន និងត្រូវការ។ បេក្ខជនដែលជាប់នៅក្នុងបញ្ជីសម្រាំង នឹងត្រូវហៅមកប្រលងធ្វើតេស្តភាសាអង់គ្លេស នៅស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ និងសម្ភាសន៍ផ្ទាល់មាត់។

បេក្ខជនដែលដាក់ពាក្យសម្រាប់មុខវិជ្ជា ដូចជា វិទ្យាសាស្រ្ត វិស្វកម្ម ព័ត៌មានវិទ្យាជាដើម ត្រូវមានពិន្ទុ និងចំណេះដឹងផ្នែករូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យាខ្ពស់ នៅក្នុងការប្រលងបញ្ចប់ថ្នាក់ទី១២។

បេក្ខជនដែលដាក់ពាក្យសម្រាប់ថ្នាក់បណ្ដិត ត្រូវដាក់ភ្ជាប់ជាមួយនិក្ខេបបទ (Synopsis) សម្រាប់ការស្រាវជ្រាវ។ បេក្ខេជនដែលដាក់ពាក្យសម្រាប់មុខវិជ្ជារបាំត្រូវដាក់ភ្ជាប់ជាមួយវីដេអូ និងសំឡេង ឬក៏ youtube link នៃការសម្តែងរបស់ខ្លួន។

ឥឡូវនេះ សិស្សនិស្សិតដែលត្រូវបានជ្រើសរើសដោយអាហារូបករណ៍ ICCR នឹងត្រូវផ្តល់កន្លែងស្នាក់នៅក្នុងសាកលវិទ្យាល័យ។ គ្មានសិស្សនិស្សិតណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅជាលក្ខណៈឯកជននោះទេ។

សិស្សនិស្សិតទាំងអស់អាចចូលទៅមើលគេហទំព័រនៃសកលវិទ្យាល័យ ដែលខ្លួនចង់ដាក់ពាក្យ ដើម្បីធានាថាបានបំពេញលក្ខខន្តិកៈ និងឯកសារគ្រប់គ្រាន់ដែលសាកលវិទ្យាល័យត្រូវការ។

សម្រាប់ព័ត៌មានសម្អិត និងការណែនាំអាចទំនាក់ទំនង់ទៅលោក Adarsh Kumar Mishra លេខាទី២ផ្នែកអប់រំ តាមរយៈ Email: [email protected] និងទូរស័ព្ទលេខ៖ 023 21 09 12/913 ឬ 017 666 814 / 017710798។

ថ្ងៃឈប់ទទួលពាក្យនៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ និងសម្រាប់ថ្នាក់បណ្ឌិត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ បេក្ខជនដែលដាក់សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត ត្រូវមានអាយុចន្លោះពី១៨-៣០ឆ្នាំ និងថ្នាក់បណ្ឌិតអាយុក្រោម៤៥ឆ្នាំ គិតចាប់ពីថ្ងៃចូលរៀន៕