(កំពងធំ)៖ ក្រុមមន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា បានបន្តចុះផ្សព្វផ្សាយ និងពន្យល់អ្នកពាក់ព័ន្ធពិសេសប្រជាពលរដ្ឋ និងសាធារណជនក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ពីការប្រើប្រាស់ប្រាក់កម្ចី ដើម្បីឲ្យផុតពីកូនបំណុលវណ្ឌ.ក និងកុំឲ្យមានប្រជាពលរដ្ឋចាញ់បោកក្រុមជនខិតខូច ពិសេសក្រុមចងការប្រាក់ក្រៅច្បាប់។

ក្រុមមន្ត្រីជំនាញនាយកដ្ឋានត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា បានសហការជាមួយអាជ្ញាធរ ស្រុកស្ទោងបើកសិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកចំនេះដឹង ព្រមទាំងពន្យល់ដល់អ្នកពាក់ព័ន្ធ ក៏ដូចប្រជាពលរដ្ឋស្រុកឲ្យយល់កាន់តែច្បាស់ពី ការប្រើប្រាស់ប្រាក់កម្ចីរួមនឹងពីនិតិវិធី និងប្រការមួយចំនួនដែលត្រូវជៀសវាង។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា «ដើម្បីរួចផុតពីបំណុលវ័ណ្ឌក នៃការប្រើប្រាស់ប្រាក់កម្ចី ខ្ញុំសូមស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់នៃការខ្ចីប្រាក់, ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងកាតព្វកិច្ចសងប្រាក់ត្រលប់វិញ។ ទន្ទឹមនេះត្រូវសកម្មចូលរួមទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋ ចាញ់បោកជនខិលខូចឃោសនា ដូចអ្នកចងការប្រាក់ ឬអ្នកឲ្យខ្ចីប្រាក់ក្រៅប្រព័ន្ធច្បាប់»

លោក គិត សុវណ្ណារិទ្ធ បញ្ជាក់ថា ប្រាក់កម្ចីពិតជាមានសារៈសំខាន់ បើសិនជាប្រើប្រាស់បានល្អ និងចំទិសដៅសម្រាប់ពង្រីកមុខរបរ និងអាជីវកម្មផ្សេងៗ។

អគ្គនាយករងរូបនេះឲ្យដឹងថា គិតត្រឹមដំណាច់ ខែមករា ឆ្នាំ២០១៩នេះ ទំហំប្រាក់កម្ចីដែលឲ្យអតិថិជនខ្ចី មានប្រមាណ២៣,០៣ ទ្រីលានរៀល (ស្មើនឹង ៥.៧៥ ប៊ីលានដុល្លារអាមេរិក) បានផ្តល់ឲ្យអតិថិជនខ្ចី សម្រាប់ប្រើប្រាស់ប្រមាណ២.១៦លាននាក់ ហើយប្រាក់កម្ចីរបស់បណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឲ្យទាំងនេះគឺមានការត្រួតពិនិត្យផ្ទាល់ពី ធនាគារជាតិនៃកម្ពុជា។

លោក ណែត សារី អភិបាលស្រុកស្ទោង និងលោក ដុស ឌីន សមាជិកក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាវាយតម្លៃថា គិតមកដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកប្រើប្រាស់ប្រាក់កម្ចីមានការយល់ដឹងច្រើន និងប្រើប្រាស់បានចំទិសដៅប្រកបដោយសុវត្ថិភាព និងធ្វើឲ្យអាជីវកម្មមានការរីក
ចម្រើនជាងពេលមុនៗ៕