(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការផ្តាំផ្ញើនៅចំពោះមុខប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណជិត៤០០នាក់ចំពោះ «លទ្ធផលឈ្នះ-ចាញ់ ជារឿងធម្មតាក្នុងកីឡា តែកុំនាំភាពអាម៉ាស់ដល់ជាតិត្រឡប់មកវិញ។ ត្រូវគោរពរាល់វិធានទាំងឡាយក្នុងការប្រកួតជានិច្ច»។ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ ដែលនឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី៣០ ខែវិច្ឆិកា និងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ និងកីឡាករ-កីឡាការិនីដែលត្រូវបានធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានសន្តិភាពនោះ សម្តេចតេជោបានធ្វើការដាស់តឿន និងក្រើនរំលឹកជាថ្មីម្តងទៀត ចំពោះការរក្សាបាននូវតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងកីឡា ក្នុងការគោរពរាល់វិធាននៃការប្រកួតកីឡា SEA Games។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «លទ្ធផលឈ្នះ ឬចាញ់ វាជារឿងធម្មតាក្នុងកីឡា តែកុំឲ្យតែភាពចង់ឈ្នះនាំមកនូវភាពអាម៉ាស់។ ខ្ញុំរីករាយចំពោះកីឡាករ កីឡាការិនី និងអត្តពលិកខ្មែរ ទោះបីចាញ់ ឬឈ្នះ នៅតែទទួលយក ដោយមិនធ្វើចរិតក្រអើតក្រទម ដែលឆ្លុះបញ្ចាំងតម្លៃនៃជាតិ តាមរយៈវិស័យកីឡានេះ ក៏ព្រោះតែកីឡាជាចលនារបស់ជាតិយ៉ាងធំ ជាពិសេសនៅពេលមានការប្រកួតកីឡាម្តងៗ មានការចូលរួមយ៉ាងច្រើនកុះករពីយុវជន ហើយកីឡា មានការរីកចម្រើនទៅបានត្រូវមានការគាំទ្រ ការលើកទឹកចិត្ត និងការតាំងចិត្តពីកីឡាករផ្ទាល់តែម្តង»

បន្ថែមលើនេះសម្តេចក៏បានណែនាំដល់កីឡាករ កីឡាការិនី និងអត្តពលិក កុំប្រើប្រាស់សារធាតុបំប៉នកម្លាំង ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ។ កុំបំពានទៅលើក្រិត្យក្រមរបស់កីឡា ដែលនាំឲ្យទទួលបានកាតក្រហម និងត្រូវបណ្តេញចេញពីការប្រកួតទៀត ដោយទាត់តែបាល់បានហើយ កុំទៅទាត់ជើងគេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសង្ឃឹមច្រើនលើកីឡាប្រដាល់ដែលអាចដណ្តើមបានមេដាយ ក្នុងចំណោម ៣១ប្រភេទកីឡា ដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតនៅហ្វីលីពីនលើកនេះ លើចំនួនកីឡាសរុបមានដល់ទៅ ៥៦ ក៏ព្រោះតែប្រដាល់ មានតែ ៣ប្រទេសប៉ុណ្ណោះដែលខ្លាំងរួមមាន ថៃ ឡាវ និងកម្ពុជាផងដែរ។

ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានធ្វើការឧបត្ថម្ភប្រាក់ដាក់ហោប៉ាវដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីក្នុងម្នាក់ៗ ៥០០ដុល្លារស្មើៗគ្នាផងដែរ ហើយក៏ត្រៀមជួបសំណេះសំណាល ក៏ដូចជាចែករង្វាន់លើកទឹកចិត្តពេលត្រឡប់មកវិញទៀតផង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games ឬការប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមនាឆ្នាំ១៩៥៩ ដោយមានប្រទេសស្ថាបនិកចំនួនប្រាំមួយរួមមាន៖ កម្ពុជា, ថៃ, វៀតណាម, ឡាវ, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ បច្ចុប្បន្នមានសមាជិកចំនួន១១ប្រទេសរួមមាន៖ កម្ពុជា, វៀតណាម, ឡាវ, សឹង្ហបូរី, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ប្រ៊ុយណេឥណ្ឌូនេស៊ី, ហ្វីលីពីន និង ទីម័រខាងកើត។

ការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍ ដឹកនាំគ្រប់គ្រងដោយសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (South East Asian Games Federation) ហើយប្រកួតរៀងរាល់ពីរឆ្នាំម្ដង ដោយផ្លាស់ប្ដូរវេនតាមតួអក្សរប្រទេសជាសមាជិកទាំង១១។ ការប្រកួត Sea Games លើកទី៣០ ដែលចាប់ផ្តើមពីថ្ងៃទី៣០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ត្រូវធ្វើឡើងនៅប្រទេសហ្វីលីពីន។

ព្រឹត្តិការណ៍ប្រកួត SEA Games ចំនួន ២៩លើក កម្ពុជាបានចូលរួម១៩លើក ដណ្ដើមបានមេដាយសរុប៣៩៦ ក្នុងនោះមេដាយមាស៦៥, មេដាយប្រាក់១០៩, និងមេដាយសំរឹទ្ធិ២២២។

ការប្រកួតកីឡា SEA Games លើកទី២៩ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កម្ពុជាដណ្ដើមបានមេដាយចំនួន ១៧ រួមមាន៖មេដាយមាស៣, មេដាយប្រាក់២ និងមេដាយសំរឹទ្ធិ១២។

សម្រាប់ព្រឹត្តិការប្រកួតកីឡា Sea Games លើកទី៣០ នៅប្រទេសហ្វីលីពីននេះ កម្ពុជាបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន ២៧៦នាក់ លើវិញ្ញាសារចំនួន ៣១ ក្នុងចំណោមវិញ្ញាសារកីឡាទាំង៥៦ប្រភេទ។ វិញ្ញាសារកីឡាទាំង៣១ ដែលកីឡាករ កីឡាការិនីកម្ពុជាចូលរួមប្រកួតរួមមាន៖ កីឡាតេក្វាន់ដូ-WT, កីឡាជឺជិតស៊ូ, កីឡាសីដក់, កីឡាគុនល្បុក្កតោ (Arnis), កីឡាប្រដាល់សកល, កីឡាបាល់បោះ, កីឡាអត្តពលកម្ម, កីឡាកាយសម្ព័ន្ធ, កីឡាវាយសី, កីឡាគុនដាវ, កីឡាប៉េតង, កីឡាប្រដាក់គុនខ្មែរ, កីឡាវាយកូនបាល់, កីឡាចំបាប់, កីឡាបាល់ទាត់, កីឡាបាល់ទះ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាប្រណាំងកង់, កីឡាវាយកូនគោល, កីឡា Hockey, កីឡាការ៉ាតេ, កីឡាទ្រីយ៉ាត្លុង, កីឡា-សូហ្វតិនី្នស, កីឡាបេស្បល និង កីឡា E-Sport។

កីឡាចំនួន១២ប្រភេទ ដែលកម្ពុជារំពឹងដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍ Sea Games លើកទី៣០នេះ។ រួមមាន៖ កីឡាតេក្វាន់ដូ-WT, កីឡាប្រយុទ្ធជឺជិតស៊ូ, កីឡាគុនល្បុក្កតោ (Arnis), កីឡាវាយកូនបាល់, កីឡា Hockey, កីឡារាំ, កីឡាប៉េតង់, កីឡាប្រដាល់គុនខ្មែរ, កីឡាចំបាប់, កីឡាការ៉ាត, កីឡា Kick Boxing និង កីឡាសូហ្វតិន្នីស (Soft Tennis)៕