(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹង នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា បានថ្វាយសារលិខិតជូន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ជ្រាលជ្រៅ។

ក្នុងសារលិខិតរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ «សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលបពិត្រ សម្តេចព្រះវររាជមាតា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ខណៈនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងក្តក់ក្ខលក្នុងចិត្តយ៉ាងក្រៃលែង ដោយទទួល ដំណឹងថា សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សា ធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទ្រង់សោយព្រះទីវង្គត នៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២៖៣០នាទី ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជនុញ្ញាតចូលរួមរំលែកនូវព្រះមរណទុក្ខ ប្រកបដោយអនិច្ច លក្ខណធម៌ ដ៏ជ្រាលជ្រៅជាមួយអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យ ស្ទើរកទីបំផុតគ្មាន ព្រោះថាការបាត់បង់សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ ដ៏ធំធេងបំផុត នូវតួអង្គពហុជំនាញ ក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ ជាដួងព្រលឹងរឹងមាំខ្លាំងក្លា ពិសេសតាំងពីសម័យសង្គមរាស្ត្រនិយម ដ៏ឧត្តុង្គឧត្តម ដែលមានព្រះរាជបុត្រី អង្គព្រះមហាក្សត្រដ៏ឆ្នើម ព្រះនាម នរោត្តម បុប្ផាទេវី ដ៏ស្រស់ ទ្រង់ពេញព្រះហឬទ័យ នឹងនាដកា ជាតួអង្គរបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញរន្ទឺទូទាំងសកលលោក៕

សូមអានសារលិខិតដូចខាងក្រោម៖