(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ជាមួយវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ក្រោយពីតាមស្រាវជ្រាវចាប់ឃាត់ខ្លួនបាន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធរឿងលួចម៉ូតូ១គ្រឿង បានសម្រេចកាលពីជាង១០ថ្ងៃមុន។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ថា ចំពោះការតាមស៉ើបអង្កេត រហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសលួចម៉ូតូ គឺអនុវត្តឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចម្តុំវត្តនាគវន្ត ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនសួរនាំតាមជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ជាង១០ថ្ងៃមុន ពោលកាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ១គ្រឿងបានសម្រេច ស្ថិតនៅចំណុចខាងមុខក្រុមហ៊ុន «ម៉ាយអាយ» ទីតាំងលេខ ២B-១J ផ្លូវលំ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

លោក ប៊ុន សត្យា បញ្ជាក់ថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឈួ ហ្គេកលី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន គឺបានបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM-6612។

លោកបន្តថា ជនសង្ស័យឈ្មោះ កែវ រតនៈ ហៅកយ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក បន្ទាប់ពីឃាត់ខ្លួនភ្លាមៗ សមត្ថកិច្ចចាប់យកបានវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូម៉ាកហុងដា PCX ពណ៌ស បិតស្កុតខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាលេខភ្នំពេញ1HW-4944 មួយគ្រឿង ដែលជាមធ្យោបាយជិះធ្វើសកម្មភាព, ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ មួយគ្រឿងទៀត ពាក់ស្លាកលេខ កំពង់ចាម1P-2164 និងបណ្ណ័សម្គាល់យានយន្តស្លាកលេខ កំពង់ចាម1P-2162 ចំនួន១សន្លឹក, ទូរសព្ទ័ដៃម៉ាក iPhone 7+ពណ៌ផ្កាឈូក១គ្រឿង, ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់, និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕