(ភ្នំពេញ)៖ ការសោយទិវង្គត់សម្ដេចព្រះរាជបុត្រីព្រះរៀមបុប្ជាទេវី ជាតួអង្គអប្សរាឯកដំបូងគេទសវត្សរិ៍១៩៦០ គឺជាការបាត់បង់កុលបុត្រខ្មែរដ៏កម្រមួយ នាសម័យទំនើបយើងនេះ, នេះបើយោងតាមអ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្ដិអង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពីព្រោះព្រះអង្គ ជានិមិត្ដរូបអប្សរាទំាងទ្បាយនៅតាមជញ្ជំាងប្រាសាទអង្គរវត្ដ បាយ័ន ឬប្រាសាទនានានៅចំពោះមុខភ្នែកទស្សនិកជនជាតិ និងអន្ដរជាតិទៅតាមព្រះរាជតម្រិះ នៃព្រះមហាក្សត្រីយានី កុសមៈនារីរត្នន៍សិរីវឌ្ឍនា។ បានន័យថាចំពោះអប្សរាទំាងទ្បាយនៅតាមជញ្ជំាងប្រាសាទសិលា ត្រូវបានបង្ហាញឲ្យឃើញយ៉ាងជាក់ស្ដែងនៅក្នុងទម្រង់សិល្បៈរបាំប្រពៃណីជាតិ ដោយឆ្លុះបញ្ចំាងពីអតីតមានប្រយោជន៍ដល់បច្ចុប្បន្ន និងអនាគត បន្ទាប់ពីការធ្លាក់ចុះអារ្យធម៌អង្គរជាបន្ដបន្ទាប់ពីស.វទី១៤មក។
លោក រត្ន័ សណ្ដាប់ បន្ដថាដោយគុណបំណាច់របស់ព្រះអង្គ ក្នុងការលើកស្ទួយរបំាអប្សរាដ៏ប្រពៃថ្លៃថ្លាយ៉ាងដូច្នេះហើយ ទើបរាជរដ្ឋាភិបាលក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបង្គាប់ឲ្យរាជការបង្ហូតទង់ជាតិពាក់កណ្ដាលដងដើម្បីបង្ហាញពីការដឹងគុណ និងជាការកាន់ទុក្ខសម្រាប់ ជាតិទំាងមូល។ ម្យ៉ាងវិញទៀត បើនិយាយសាវតារសម្ដេចព្រះរៀមនេះទៀតសោត គឺមួយព្រះជន្មព្រះអង្គ បានផ្សារភ្ជាប់ជីវិតនិងរបំាប្រពៃណីជាតិនេះឯង ពីព្រោះព្រះអង្គ បានចូលបម្រើវិស័យនេះចាប់តំាងពីមិនទាន់មានព្រះជន្មប្រំាព្រះវស្សាស្រួលបួលផងរហូតដល់បច្ចុប្បន្ន។
ដោយក្នុងនោះនៅពេលព្រះអង្គមានព្រះជន្ម១៥ព្រះវស្សា បានក្លាយជាឯកអគ្គរាជទូតនៃវប្បធម៌ខ្មែរ។ បន្ទាប់ពីនេះព្រះអង្គ បានចេញសម្ដែងទំាងថ្នាក់ជាតិនិងនៅតាមបណ្ដាប្រទេសនានាលើពិភពលោក ពិសេសសនៅប្រាសាទកានីញេ Palais Garnier នាទីក្រុងប៉ារីសនាឆ្នាំ១៩៦៤ ដោយធ្វើឲ្យពិភពលោកគេស្គាល់អំពីគុណតម្លៃអារ្យធម៌ខ្មែរកាន់តែច្បាស់។
បើដូច្នេះចំពោះគុណតម្លៃសម្ដេចព្រះរៀម គឺបានផ្សារភ្ជាប់របំាអប្សរា និងទេពអប្សរាអង្គរជាដួងព្រលឹងនៃជនជាតិខ្មែរ ដោយឈរលើទស្សន:ខ្មែរគឺការគោរពមេជាធំ។ ដោយហេតុថាក្នុងប្រព័ន្ធជំនឿខ្មែរ អប្សរាមិនគ្រាន់តែជាអ្នករបំាឋានសួគ៌ប៉ុណ្ណោះទេ ប៉ុន្ដែអប្សរាគឺជាមាតាថែមទៀតផងពីព្រោះឈ្មោះកម្ពុជាសព្វថ្ងៃ គឺកើតពីរឥសីកម្ពុ និងអប្សរមេរានេះឯង។ បើដូចនេះចំពោះអប្សរា ជារបំាឋានសួគ៌ មានតួនាទីសំខាន់ណាស់ក្នុងការថែរក្សាលោក ធ្វើឲ្យមានបរិយាកាសសប្បាយរីករាយ សុខដុមរមនា និងសុភមង្គល។ បើដូច្នេះរបាំអប្សរា គេចាត់ទុកជាស្រ្ដីកំពូលដ៏មានសម្រស់នៃយុគ្គនីមួយៗរបស់អាណាចក្រខ្មែរយ៉ាងដូច្នោះដែរ។
ជាសរុបលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើយើងទៅទស្សនាប្រាសាទអង្គរ ឃើញចម្លាក់អប្សរា គេនឹកឃើញដល់សម្ដេចព្រះរៀមយ៉ាងដូច្នោះដែរ។ ពីព្រោះព្រះអង្គ ប្រៀបបានជាព្រលឹងអប្សរានៅតាមជញ្ជំាងប្រាសាទ ចេញមកសម្ដែងដោយប្រត្យក្សឲ្យខ្មែរបានឃើញទ្បើងវិញ ហើយអូសទាញព្រលឹងខ្មែរគ្រប់រូបបានយល់ បានស្គាល់រសជាតិនៃសម័យដ៏រុងរឿងចក្រភពអង្គរ។ ពិសេសគេនឹកឃើញដល់របំាព្រះរាជទ្រព្យ បានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ដោយអង្គការយូណេស្កូ៕