(កោះកុង)៖ អាជ្ញាធរខេត្តកោះកុងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះសម្របសម្រួលដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋប្រជាពលរដ្ឋចំនួន៩៥ គ្រួសារ នៃក្រុម ៣១៧ គ្រួសារដែលមិនទាន់បានដីធ្លី ដែលពួកគាត់មិនព្រមទទួលយកដីនៅចំណុចប្លង់មេ «A.B» ដែលជាដីមិនអាចធ្វើរបរកសិកម្មដាំដុះបាន ដែលមានទីតាំងស្ថិតនៅភូមិជីខលើស្រុកស្រែអំបិល ខេត្តកោះកុង។
ការចុះរកដំណោះស្រាយក្រោមការដឹកនាំដោយ លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល និងមន្ត្រីជំនាញគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អាជ្ញាធរភូមិឃុំ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់នេះផងដែរ។
លោកស្រី គុជ សុគន្ធ តំណាងឲ្យពលរដ្ឋទាំងទាំង៩៥គ្រួសារ បានថ្លែងថា ប្រជាពលរដ្ឋដែលមិនទាន់បានទទួលដីធ្លីទាំង៩៥គ្រួសារ នៃក្រុម៣១៧គ្រួសារ ដែលអាជ្ញាធរវាស់វែងឲ្យស្ថិតនៅប្លង់ចំណុច «A.B» ពួកគាត់មិនអាចទទួលយកបានឡើយ ព្រោះដីនោះជាដីប្រភេទថ្ម មិនអាចធ្វើដំណាំកសិកម្មបាន និងសុំឲ្យអាជ្ញាធរជួយដោះស្រាយឲ្យគាត់បានឡើងវិញ ស្ថិតនៅចំណុច «C» ដែលជាដីដែលអាជ្ញាធរទុកបម្រុង សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលមិនព្រមទទួលយកដី ដែលមិនអាចធ្វើដំណាំកសិកម្មបាន។
លោក សុខ សុទ្ធី បានថ្លែងថា ការដោះស្រាយបញ្ហានេះ អាជ្ញាធរបានធ្វើកិច្ចព្រមព្រៀងជាមួយពួកគាត់ថា ដីនៅចំណុចCនោះ មិនទាន់មានផ្លូវសម្រាប់ធ្វើដំណើរចេញចូលទេ ព្រោះង់ចាំថវិកាថ្នាក់ជាតិធ្លាក់ចុះមកទើបអាចធ្វើផ្លូវបាន និងធ្វើការវាស់វែងបាន។ ប៉ុន្តែដីនៅចំណុចCនេះ អាជ្ញាធរនឹងថែរក្សាទុកសម្រាប់ទាំង ៩៥គ្រួសារ ដែលមិនទាន់បានទទួលដីធ្លីជាដីទំនាស់នោះ។
លោកបានបញ្ជាក់ថា ដោយមានការសម្របសម្រួលពីអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ទើបប្រជាពលរដ្ឋទាំង៩៥គ្រួសារ យល់ព្រមទទួលរងចាំការវាស់វែងដី នៅចំណិចCជូនពួកគាត់ នៅពេលមានផ្លូវធ្វើដំណើរ៕