(កណ្ដាល)៖ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន «Japan Heart Children’s Medical Center» ដែលជាអង្គការស្ម័គ្រចិត្តជួយដល់កុមារ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានទទួលឧបករណ៍វេជ្ជសាស្ត្រ ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយអុិឈិ ឡាយហ្វ៍ ដើម្បីជួយសង្គ្រោះដល់កុមារ ដែលទទួលបានការព្យាបាលពីមន្ទីរពេទ្យ។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយអុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក ថ្នាក់ដឹកនាំ បុគ្គលិកនៃមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ព្រមទាំងវេជ្ជបណិ្ឌត កុមារ ឳពុកម្តាយរបស់កុមារ និងសមាជិកសារព័ត៌មានទាំងអស់។ កិច្ចព្រមព្រៀងផ្តល់ជំនួយរបស់គម្រោងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយអុិឈិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងឧបត្ថម្ភឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដល់មន្ទីរពេទ្យមានដូចជា ម៉ូនីទ័រអ្នកជំងឺ ឧបករណ៍វះកាត់កុមារ និងថ្លៃវះកាត់សម្រាប់អ្នកជំងឺជាង ១០០នាក់ ជារៀងរាល់ឆ្នាំ នៅក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាពនៃការព្យាបាល និងសេវាកម្មថែទាំសុខភាពសម្រាប់កុមារ និងអ្នកជំងឺដទៃទៀត ដែលត្រូវទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
លោក អាឡិន ថៃ នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយអុិឈិ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ ពេញចិត្តក្នុងការចូលរួមចំណែក ជួយដល់សហគមន៍ ដែលជាកន្លែងដែលខ្លូនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ពិធីនៅក្នុងថ្ងៃនេះគឺសរបញ្ជាក់ពីការបេ្តជ្ញាចិត្ត យ៉ាងមុតមាំរបស់យើងក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំថា ឧបករណ៍វេជ្ជសាស្ត្រទាំងអស់នេះនឹងផ្តល់នូវគុណភាព ល្បឿននៃការព្យាបាល និងការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ ជាពិសេសកុមារ។
ដំណើរការរបស់ ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជា គឺសម្រាប់រយៈពេលវែង ហើយក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើនិងបំពេញនូវតម្រូវការធានារ៉ាប់រង អាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ «នៅក្បែរអ្នកជានិច្ច»។
លោក ហុរីអ៊ុឈិ យូស៊ុកិ អគ្គនាយកគ្រប់គ្រង មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានប្រសាសន៍ថា «មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន គឺជាអង្គការក្រៅរដ្ឋាភិបាលតែមួយគត់ ដែលដៃគូរសហការ និងរួមបញ្ចូលជាមួយមន្ទីរពេទ្យរដ្ឋ។ ពួកយើងបានសហការជាមួយ មន្ទីរពេទ្យបង្អែកពញាឮ ចាប់តាំងពីយើងបានបើកមន្ទីរពេទ្យ នៅឆ្នាំ២០១៦ មកម្ល៉េះ។ យើងផ្តោតការយកចិត្តទុកដាក់ ទៅលើការព្យាបាលជំងឺធ្ងន់ធ្ងរលើកុមារ ជាពិសេសគឺជំងឺមហារីក»។
តើអ្នកដឹងអំពីអត្រារស់រាន មានជីវិតនៃជំងឺមហារីក ទៅលើកុមារនៅក្នុងប្រទេសអភិវឌ្ឍន៍ដែរឬទេ? កុមារ ៨០% ជាសះស្បើយ និងអកុសល ២០% នៃអ្នកជំងឺនឹងស្លាប់។ ម៉្យាងទៀត តើមានប៉ុន្មានភាគរយអាចរស់បាននៅក្នុងប្រទេសនេះ? គួរឲ្យភ្ញាក់ផ្អើលមានតែ ២០% ប៉ុណ្ណោះ ដោយសារតែប្រទេសកម្ពុជាកំពុងប្រឈមមុខ លំបាកក្នុងការព្យាបាលជំងឺមហារីកកុមារ ដោយសារកង្វះអ្នកជំនាញ និងឧបករណ៍នៅក្នុងមន្ទីរពេទ្យ។ ថ្ងៃនេះ ឧបករណ៍វេជ្ជសាស្ត្រ Electrocardiogram (ECG) Monitor និង Pediatric Stretchers ត្រូវបានបរិច្ចាគដោយ ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ ឧបករណ៍មានសារៈសំខាន់យ៉ាងខ្លាំង ដល់ការព្យាបាលសម្រាប់កុមារដែលមានជំងឺ។
លោកស្រីវេជ្ជបណ្ឌិត ម៉ៃកូ កូជីរ៉ូ នាយកគម្រោងមន្ទីរពេទ្យ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានថ្លែងថា មន្ទីរពេទ្យនេះមានការកើនឡើង នូវចំនួនអ្នកជំងឺមកពីបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា ហើយការសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់កុមារក្រីក្រ។ ដូច្នេះឳពុកម្តាយដែលគ្មានលទ្ធភាព មិនអាចបញ្ចូនកូនៗរបស់ពួកគេទៅទទួលការព្យាបាលជំងឺមហារីក និងស្ថានភាពធ្ងន់ធ្ងរផ្សេងទៀត មកសម្រាកព្យាបាលនៅទីនេះ ដោយគ្មានការព្រួយបារម្ភ។ យើងបេ្តជ្ញាជួយស្តារសុខភាព និងសុភមង្គលដល់កុមារទាំងអស់នេះ៕