(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានគាំទ្រចំពោះរដ្ឋបាលទីក្រុងហុងកុង ក្នុងការចាត់វិធានការតាមច្បាប់ ទៅលើក្រុមបាតុករ ដើម្បីធ្វើយ៉ាងណាស្តារស្ថានភាព ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់ទីក្រុងនេះ ឱ្យបានល្អប្រសើរឡើងវិញ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមអ្នកនាំពា្យអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ថា យើងអត់ចង់ឃើញស្ថានការណអាប់អួរប្រកបដោយមហន្តរាយបែបនេះទេ ជាទស្សនៈ និងជំហររបស់យើង គឺយើងគាំទ្រចំពោះរដ្ឋាភិបាលហុងកុង ក្នុងការចាត់វិធានការសមស្រប ដើម្បីអនុវត្តវិធានការច្បាប់ ដើម្បីស្រោចស្រង់និងដោះស្រាយសភាពការណ៍ដែលបានកើតឡើងគម្រាមកំហែងទីក្រុងហុងកុងដល់ថ្ងៃនេះ ព្រោះនេះជាភាពចាំបាច់ ដែលត្រូវដោះស្រាយ ដើម្បីស្តារប្រក្រតីភាពឡើងវិញ ដើម្បីពង្រឹងស្ថិរភាព សណ្តាប់ធ្នាប់សង្គម នៅទីក្រុងហុងកុងឱ្យបានល្អប្រសើរឡើងវិញ»។
បើតាមការពិនិត្យរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ គឺស្ថានភាពអសន្តិសុខ ដែលបង្កឡើងដោយក្រុមបាតុករនៅទីក្រុងហុងកុង បានអូសអន្លាយមកជាច្រើនខែមកហើយ ដែលបានធ្វើឱ្យទីក្រុងហុងកុងទាំងមូល ដែលធ្លាប់ជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំ និងល្បីល្បាញលើពិភពលោក ទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។
បាតុកម្មនៅទីក្រុងហុងកុង បានចាប់ផ្ដើមតាំងតែពីខែមិថុនា ឆ្នាំ២០១៩ ដោយអូសអន្លាយជាបន្តបន្ទាប់ ហើយកាន់តែអាក្រក់ឡើង ដោយក្រុមបាតុករមួយចំនួន ចាប់ផ្ដើមប្រើប្រាស់អាវុធដូចជាធ្នូ ឬគ្រាប់បែកសំាង ដើម្បីប្រយុទ្ធជាមួយប៉ូលិស ដែលបានព្រមានប្រើគ្រាប់កាំភ្លើងពិត ជាវិធានការឆ្លើយតបនឹងអំពើហិង្សា។
បាតុកម្មបានកើតឡើងកាន់តែខ្លាំងក្លាជាងមុន នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីចុងសប្តាហ៍មុននេះ ដោយមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ធ្វើឱ្យមនុស្សរបួស និងស្លាប់ រួមទាំងខូចខាតទ្រព្យសម្បត្តិសាធារណៈ។ ទោះបីជាយ៉ាងនេះក្តី ស្ថានភាពនៅហុងកុង ពេលនេះត្រូវបានគេមើលឃើញថា មានស្ថានភាពស្ងប់ស្ងាត់បន្តិចនាដើមសប្តាហ៍នេះ ប៉ុន្តែក្រុមបាតុករ បានបន្តគំរាមកំហែង និងតែងធ្វើសកម្មភាពរៀងរាល់ចុងសប្តាហ៍៕