(ភ្នំពេញ)៖ ដូចនឹងបណ្តាឆ្នាំក្នុងទៅពិធីអបអរសាទរថ្ងៃកំណើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុមុខ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលជាប្រធានចលនា «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»។

ថ្លែងក្នុងពិធីអបអរសាទរខួប៤១ឆ្នាំថ្ងៃកំណើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៤១ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា និងប្រជាជនគ្រប់រូប បានរួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហានបំផុត។ សម្តេច ហេង សំរិន បន្ថែមថា ស្មារតី២ធ្នូ ស្មារតី៧មករា បានចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗរបស់សង្គមជាតិ។

សម្តេចប្រធានចលនា «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» បានបង្ហាញជំនឿចិត្តថា ក្រោមពន្លឺនៃសន្ដិភាព និងសេរីភាព និងក្នុងជំហរក្ដាប់នូវជោគវាសនារបស់ប្រជាជនកម្ពុជា នឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្ម ដូចក្នុងអតីតកាលឡើយ។

ថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។

មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនយើងគ្រប់រូប សុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។

បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្ដិភាព សេរីភាព និងសន្ដិសុខ ដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នាឈានទៅមុខ លើមាគ៌ា នៃការអភិវឌ្ឍ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយដែលសមេ្រចបានកន្លងមក។ ជាពិសេសជោគជ័យលើគ្រប់វិស័យក្នុងឆ្នាំ២០១៩ នេះ បានពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះ សម្រាប់បន្ដការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

សម្តេច ហេង សំរិន បានរំលឹកថា «ជោគជ័យ និងក្ដីសប្បាយរីករាយដែលយើងទទួលបាននៅថ្ងៃនេះ គឺមានប្រភពចេញពីថ្ងៃ ២ធ្នូ និងជ័យជំនះ ៧ មករាដ៏រុងរឿង ដែលបានបំភ្លឺបង្ហាញផ្លូវយើងជានិច្ចជាង ៤ទសវត្សរ៍ កន្លងមក។ បច្ចុប្បន្ន យើងអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់យើងទាំងអស់គ្នានេះឯង»។

សម្តេចបន្ថែមថា «យើងបានលុបបំបាត់នូវស្នាមបែកបាក់បេ្រះឆាក្នុងសង្គមជាតិ ធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែ រឹងមាំឡើង។ មហាសាមគ្គីផ្ទៃក្នុងជាតិ ជាឧត្ដមភាព និងជាមូលដ្ឋានគ្រឹះដើម្បីឈានទៅសមេ្រចនូវ គោលដៅចុងក្រោយ គឺការស្ថាបនាប្រទេសកម្ពុជាមួយប្រកបដោយវឌ្ឍនភាព ដែលប្រជាជនយើង នឹងបានរស់នៅយ៉ាងសម្បូរណ៍សប្បាយក្នុងសន្ដិភាព សេរីភាព យុត្ដិធម៌ និងភាពថ្លៃថ្នូរជារៀងរហូតតទៅ នៅលើមាតុភូមិរបស់ខ្លួន»។

នៅក្នុងពិធីនាព្រឹកមិញនេះ ដើម្បីសមេ្រចគោលដៅអភិវឌ្ឍន៍ជាតិ សម្តេច ហេង សំរិន បានអះអាងថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលបានកើតចេញពីប្រជាជនជារបស់ប្រជាជន និងដើម្បីប្រជាជន បន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្ដឱ្យ បានជោគជ័យនូវគោលនយោបាយអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ដែលមានគោលដៅយុទ្ធសាស្រ្តចំនួនបួនរួមមាន៖

១៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧% ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ឱ្យទូលំទូលាយ និងមានភាពប្រគួតប្រជែង ជាមួយនឹងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងអតិផរណា ឱ្យនៅទាប ការធានាស្ថិរភាពអត្រាប្តូរប្រាក់ ការខិតខំបង្កើតទុនបម្រុងជាប្រចំា និងការគ្រប់គ្រងបំណុល សាធារណៈដោយគត់មត់។

២៖ បង្កើតការងារឱ្យកាន់តែច្រើន ទាំងបរិមាណនិងគុណភាព ជូនដល់ប្រជាជនកម្ពុជា ពិសេសសម្រាប់ស្រទាប់យុវជន តាមរយៈការផ្តល់ជំនាញព័ត៌មាន ទីផ្សារការងារ ការកែលម្អលក្ខខណ្ឌការងារ ការលើកកម្ពស់សកម្មភាពធុរកិច្ច និងការជំរុញការវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស។

៣៖ សម្រេចឱ្យបាននូវគោលដៅ កាត់បន្ថយភាពក្រីក្រឱ្យស្ថិតក្នុងអត្រាទាប ក្រោម ១០% ការពារមិនឱ្យភាពក្រីក្រវិលត្រឡប់មកវិញ ដោយផ្តោតលើការលើកកម្ពស់ការចូលរួម ក្នុងយន្តការ ទីផ្សារ ការអនុវត្តគោលនយោបាយគាំពារសង្គម ការកាត់បន្ថយបន្ទុកជីវភាពរស់នៅ និងការផ្តល់សេវា សាធារណៈប្រកបដោយគុណភាព និងការកាត់បន្ថយគម្លាតសង្គម។

៤៖ បន្តពង្រឹងសមត្ថភាព និង អភិបាលកិច្ច នៃសា្ថប័នរដ្ឋ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព នៃសេវា សាធារណៈ សំដៅបម្រើប្រជាជនឱ្យបានកាន់តែប្រសើរឡើងក៏ដូចជាការលើក កម្ពស់បរិយាសធុរកិច្ច និង បរិស្ថានអំណោយផងសម្រាប់វិនិយោគ៕