(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បានណែនាំ និងអំពាវនាវដល់ពលរដ្ឋ ក៏ដូចជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ ត្រូវចេះថែទាំសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវអាកាសធាតុត្រជាក់នេះ។

ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ដែលជាថ្ងៃអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត អមដំណើរជាច្រើននាក់ផងដែរ។

លោក ផាន់ ចាន់ធុល បានលើកឡើងថា រដូវនេះ ជារដូវដែលអាកាសធាតុ ចាប់ផ្តើមចុះត្រជាក់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាកដល់ក្រុមគ្រួសារ ជាពិសេសត្រូវថែទាំសុខភាព និងអនាម័យសម្រាប់កុមារតូចៗ។

លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា បើសង្កេតឃើញកូនៗមានសភាពមិនសូវស្រួល ត្រូវនាំទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យ ជៀសវាងទុកឲ្យកុមារ មានសភាពជំងឺធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។

លោកអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យ ព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋយើង ឲ្យកាន់តែល្អថែមទៀត។

ជាមួយគ្នានោះ លោក ផាន់ ចាន់ធុល ក៏បានបង្ហាញមនោសញ្ចេតនាអាណិត ស្រលាញ់ និងស្និទ្ធស្នាលជាទីបំផុត និងបានឧបត្ថម្ភដល់អ្នកជំងឺ ចំនួន៦២នាក់ ដោយក្នុងម្នាក់ៗ ឃីត១កញ្ចប់ និងថវិកា ២ម៉ឺនរៀលផងដែរ។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានចំនួន៦២នាក់ ក្នុងនោះមានកុមារចំនួន១៤នាក់, ជំងឺវះកាត់ ចំនួន១៥នាក់, ជំងឺទូទៅចំនួន១៤នាក់, ជំងឺសង្គ្រោះបន្ទាន់ ចំនួន០៧នាក់, ជំងឺរបេង២នាក់ និងសម្ភពចំនួន១០នាក់៕