(បន្ទាយមានជ័យ)៖ រហូតមកដល់រសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ករណីពុលនៅមណ្ឌលបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់ ក្នុងខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ ៣នាក់ស្ថិត នៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង២៩នាក់មានស្ថានភាពស្រាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះក៏មានយុវជនម្នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃផងដែរ។នេះបើតាម ការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

មន្រ្តីជាន់ខ្ពស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ដោយករណីពុលអាហារនេះមាន ទី១៖ ឈ្មោះ សំ សូរីន ភេទប្រុស អាយុជាង៣០ឆ្នាំ និងទី២៖ ឈ្មោះ ឡុង កែវពិសិដ្ឋ ភេទប្រុស អាយុជាង៣០ឆ្នាំ។ ដោយឡែកចំពោះជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរចំនួន៣រូប នោះមាន២រូប ព្យាបាលនៅមន្ទីរពេទ្យស្រុកសិរីសោភ័ណ និង១រូប ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដែល ព័ត៌មានចុងក្រោយ គឺស្ថានភាពពួកគាត់បានធូរស្បើយមួយកម្រិតហើយ។

បើតាមមន្រ្តីរូបនេះ រហូតមកដល់ពេលនេះ មានជនរងគ្រោះ ២៩រូប ពុលកម្រិតស្រាល ហើយកំពុងសម្រាកនៅមន្ទីរពេទ្យខាងលើផងដែរ។ ដោយឡែកជាង១០នាក់ទៀត ក៏ពុលដែរប៉ុន្តែក្នុងកម្រិតតិចតួច ហើយកំពុងសម្រាកក្នុងមជ្ឈមណ្ឌល។

សម្រាប់មូលហេតុពិតប្រាកដនោះ មន្រ្តីរូបនេះ នៅមិនទាន់ហ៊ានអះអាងនោះទេ ដោយលោកបញ្ជាក់ថា ពេលនេះមន្ទីរសុខាភិបាល កំពុងធ្វើកោសលវិច្ច័យទៅលើអាហារដែលមនុស្សពុលក្នុងមណ្ឌលនេះ បានទទួលទាន ដោយលទ្ធផលនឹងជម្រាបជូនតាមក្រោយ។ លោកអះអាងថា ម្ហូបទាំងនេះត្រូវបានទិញពីផ្សារ ហើយត្រូវបានយកទៅរៀបចំចម្អិតនៅក្នុងមណ្ឌល។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ មានករណីពុលអាហារ នៅមណ្ឌលបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលផ្ទុកដោយយុវជនបន្សាបគ្រឿងញៀនចំនួន៨៣៣នាក់។ ករណីនេះជាជំហានដំបូង ត្រូវបានសមត្ថកិច្ចស ន្និដ្ឋានថា អាចបណ្តាលមកពីពុលផ្លែត្រសក់ស្រូវ នៅក្នុងអាហារ។

ក្រោយកើតហេតុនេះ ទាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ដឹកអ្នកជំងឺទៅសង្គ្រោះបន្ទាន់។ ជាមួយគ្នានេះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យដោះស្រាយបញ្ហានេះដោយផ្ទាល់ផងដែរ។

ពាក់ព័ន្ធនឹងករណីជនរងគ្រោះស្លាប់ ២នាក់ រដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ច បានចាត់ចែងបញ្ជូនឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។ ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចូលរួមថវិកាបុណ្យសពក្នុង ១សព ២លានរៀលផងដែរ៕