(ម៉ានីល)៖ ក្រុមជម្រើសជាតិ U22 កម្ពុជា បានរបូត ៣ពិន្ទុទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា ដោយលទ្ធផល ២-១ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ។

សម្រាប់ជំនួបដ៏តានតឹងនេះ ក្រុមគោព្រៃកម្ពុជា បានបំប៉ោងសំណាញ់ទីក្រុម U22 មីយ៉ាន់ម៉ា ១គ្រាប់មុន ដោយកីឡាករ ស៊ិន សុផាណាត់ នៅនាទី២៣ តែគួរឲ្យស្ដាយ ៤នាទីក្រោយមក ក្រុមមីយ៉ាន់ម៉ា ក៏វាយបកតាមស្មើ ១-១ នៅនាទី២៧ មុនបញ្ចប់វគ្គទី១ ។

ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធកាន់តែខ្លាំង តែកម្ពុជាមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយ ផ្ទុយទៅវិញ នៅនាទី៨៨ កីឡាករមីយ៉ាន់ម៉ា បានបន្ថែម ១គ្រាប់ទៀត ដែលធ្វើឲ្យក្រុម U22 មីយ៉ាន់ម៉ា ទទួលបាន ៣ពិន្ទុបន្ថែម ដើម្បីគ្រងតំណែងកំពូលតារាង ក៏ដូចជាកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយមាន ១០ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងស្មើ១ មិនដែលចាញ់។

ដោយឡែកក្រុម U22 កម្ពុជា ទោះបរាជ័យលើកដំបូងក៏ពិតមែន តែកម្ពុជាមិនទាន់អស់ឱកាសនោះទេ ដោយពួកគេបន្ដឈរលេខ២ បណ្ដោះអាសន្នក្នុងពូល និងមាន ៤ពិន្ទុស្មើគ្នាជាមួយម៉ាឡេស៊ី និងហ្វីលីពីន ហើយក្រុមគោព្រៃកម្ពុជា នៅសល់ ១ប្រកួតក្នុងដៃទៀត ដោយត្រូវជួបក្រុម U22 ម៉ាឡេស៊ី នាថ្ងៃទី៤ ខែធ្នូខាងមុខ ។ ការប្រកួតចុងក្រោយនេះ កម្ពុជាត្រូវការឈ្នះដាច់ខាត ហើយក៏ត្រូវការគ្រាប់បាល់ច្រើនផងដែរ ដើម្បីធានាកៅអីឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕