(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៩ នេះបានសហការជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការ Geres អង្គការ RECOFTC និងក្រុមហ៊ុន Okoone បានដាក់សម្ភោធឲ្យដំណើរការនូវប្រព័ន្ធឌីជីថលសម្រាប់ផលិត កម្ម និងការប្រើប្រាស់ធ្យូងប្រកបដោយនិរន្តរភាព។

ពិធីនោះរៀបចំឡើងក្រោមអធិបតីភាពបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើ តំណាងមកពីក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមានរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋានសរុបចំនួន៧០នាក់។

គោលបំណងនៃពិធីនេះគឺ ធ្វើការលើកកម្ពស់ការយល់ដឹងរបស់អ្នកពាក់ព័ន្ធអំពីការសាកល្បងប្រព័ន្ធបច្ចេកវិទ្យា និងដំណើរការរបស់ប្រព័ន្ធឌីជីថលសម្រាប់ការតាមដានប្រតិបត្តិការរបស់ពួកគេនៅគ្រប់ជំហាននៃខ្សែសង្វាក់ផលិតកម្ម និងការចែកចាយធ្យូង ក្នុងទិសដៅគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។

បណ្ឌិត កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ លើកឡើងអំពីសារសំខាន់នៃប្រព័ន្ធឌីជីថលនេះ ដែលចូលរួមចំណែកដល់ការអនុវត្តកម្មវិធីព្រៃឈើជាតិ(២០១០-២០២៩) ជាពិសេសការផ្គត់ផ្គង់ឈើឥន្ទនៈ ដូចជាអុស និងធ្យូងសម្រាប់តម្រូវការក្នុងស្រុក និងការដាំស្តារព្រៃឈើឡើងវិញតាមសហគមន៍ព្រៃឈើសម្រាប់ការផ្គត់ផ្គង់តម្រូវការនាពេលអនាគត។

លោកបន្តថា ការដាក់អោយដំណើរការប្រើប្រាស់ ប្រព័ន្ធឌីជីថលនិរន្តភាពផលិតផលធ្យូង ពីសហគមន៍ព្រៃឈើដែលមានប្រភពស្របច្បាប់ ហើយអតិថិជន អាចបញ្ជាទិញតាម រយៈវេបសាយ https://www.kjuongo.com/ ដោយយើងអាចដឹងពីប្រភពឈើ ដែលយកមកផលិតធ្យូងថាមកពីប្រភពណា? ផលិតនៅទីណាច្បាស់លាស់ ។

លោកបន្តថា វាជាគម្រោងសាកល្បងដើម្បីជំរុញអោយមានការផលិតធ្យូងដោយស្របច្បាប់ និងអាចជួយជីវភាពសហគមន៍បាន ហើយនៅពេលគម្រោងនេះទទួលបានជោគជ័យនោះនឹងអាចពង្រីកទៅតាមសហគមន៍ផ្សេៗបន្ថែមទៀត៕