(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទូយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាព និងក្រុមគ្រួសាររបស់គាត់ ឲ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ហើយទទួលបាននូវសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព។
សម្ដេចក្រឡាហោម ស ខេង ក៏បានអះអាងបន្តថា ជនមានពិការភាពនៅកម្ពុជាត្រូវបានជំរុញ ឲ្យចូលរួមគ្រប់សកម្មភាពក្នុងសង្គម ការទទួលបានការគោរពសេចក្ដីថ្លៃថ្នូរ ព្រមទាំងធ្វើបរិយាបន្ន ការងារពិការភាពក្នុងគ្រប់វិស័យ ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួង ស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ វិស័យឯកជន សង្គមស៉ីវិល និងដៃគូអភិវឌ្ឍនានាជាដើម។
ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញតំណាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងសន្និបាតបូកសរុបការអនុវត្ត ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព២០១៤-២០១៨ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាព លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានផ្ដល់សេវាគាំទ្រដល់ការរស់នៅ ផ្ដល់កន្លែងស្នាក់អាស្រ័យ និងសេវាសហគមន៍ផ្សេងៗទៀតដល់ជនមានពិការភាព និងអតីតយុទ្ធជនមានពិការភាព ដើម្បីជួយឲ្យពួកគេទទួលបានសិទ្ធិជាមូលដ្ឋាន រួមបញ្ចូលទាំងការចូលរួមយ៉ាងពេញលេញនៅក្នុងសហគមន៍។
លើសពីនេះ សិទ្ធិទទួលបានការងារ និងឱកាសចិញ្ចឹមជីវិតឈរលើទីផ្សារការងារ ព្រមទាំងបរិយាកាសការងារបើកទូលាយ សម្រាប់ជនមានពិការភាព ត្រូវបានទទួលស្គាល់ និងយកចិត្តទុកដាក់ ព្រមទាំងមានការជំរុញពីសំណាក់រាជរដ្ឋាភិបាល ដោយហាមឃាត់ដាច់ខាត ចំពោះការរើសអើងពិការភាពលើគ្រប់ទម្រង់នៃការងារ រួមទាំងលក្ខខណ្ឌនៃការជ្រើសរើស ការជួល ការបម្រើការងារ ការបន្ដការងារ ការអភិវឌ្ឍមុខរបរ និងលក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងផាសុកភាព។
សម្ដេចបានសង្កត់ធ្ងន់ទៀតថា ការកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក្រ របស់ជនមានពិការភាព ការលើកកម្ពស់ការងារ ព្រមទាំងមុខរបរសមរម្យ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ទន្ទឹមនឹងនេះ ការផ្ដល់ជំនួយ ឧបត្ថម្ភពីរដ្ឋត្រូវបានអនុវត្តជាបន្ដបន្ទាប់ តាមរយៈការផ្ដល់របបគោលនយោបាយ។ ក្រៅពីសប្បុរសជន និងសង្គមស៉ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ក៏បានចូលរួមចំណែកទាំងធនធានថវិកា និងធនធានមនុស្ស ដើម្បីសម្រេចបាន នូវឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា។
សម្ដេច ស ខេង បានអះអាងទៀតថា ដើម្បីធានាដល់ការធ្វើបរិយាបន្ន និងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ដោយធ្វើយ៉ាងណាឲ្យជនមានពិការភាព កាន់តែទទួលបានការគាំទ្រពីសង្គម បង្កើនគុណភាពជីវិតឲ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់ ស្របតាមច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ ដើម្បីសង្គមមួយមានសិទ្ធិស្មើគ្នា។
យោងតាមរបាយការណ៍របស់ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើស ឲ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ដោយគិតត្រឹមឆ្នាំ២០១៩ រួមមាន៖
*ទី១៖ ក្រសួង ស្ថាប័ន រដ្ឋចំនួន៤០ បានជ្រើសរើសជនមានពិការភាពចូលបម្រើការងារ សរុបចំនួន២,៨៦០នាក់។
*ទី២៖ វិស័យឯកជនចំនួន១០២ ក្រុមហ៊ុន សហគ្រាស ក៏បានជ្រើសរើសកម្មករនិយោជិត ដែលជាជនមានពិការភាពឲ្យចូលបម្រើការងារ សរុបចំនួន៣,៧៩២នាក់ផងដែរ។
លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំជនមានពិការភាពប្រមាណ ២៨,០០០នាក់ បានទទួលសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា គ្រប់ប្រភេទដោយឥតគិតថ្លៃ រួមជាមួយនឹងកញ្ចប់ឧបត្ថម្ភរបបគោលនយោបាយសម្រាប់ការធ្វើដំណើរ ការហូបចុក ស្នាក់នៅអំឡុងពេលទទួលសេវា។
ផ្សាភ្ជាប់នឹងកិច្ចការនេះ រាជរដ្ឋាភិបាលបានសហការជាមួយដៃគូអភិវឌ្ឍន៍ ផ្ដល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទានគ្រប់ប្រភេទ ដោយឥតគិថ្លៃ ដល់ជនមានពិការភាពសរុប ចំនួន ១០៧,៣៣៣នាក់ (ស្ដ្រី២៦,៨៦៣នាក់) និងបានផ្ដល់សេវាស្ដារវេជ្ជសាស្ដ្របាន ចំនួន ២១៥,០៨៨នាក់ (ស្ដ្រីចំនួន១១៨,៣៤១នាក់) ព្រមទាំងបានពង្រីកជាបណ្ដើរៗទៅដល់សហគមន៍ផងដែរ៕