(ភ្នំពេញ)៖ នៅរយៈពេល១១ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារជិត៦០ប្រទេសចំនួនជាង៥១ម៉ឺនតោនកើតឡើងតិចតួច ហើយប្រទេសចិនបានទិញអង្ករពីកម្ពុជាច្រើនជាងគេជាង២០ម៉ឺនតោន។

របាយការណ៍នាំចេញអង្ករ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះបានឲ្យដឹងថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករចំនួន៥១៤,១៤៩តោន កើនត្រឹមតែ៣.៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន៤៩៧,២៤០តោន។

តាមរបាយការណ៍នាំចេញអង្ករបានឲ្យដឹងថា ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ ក្នុងចំណោមទិសដៅនាំចេញទាំងជិត៦០ប្រទេស, ប្រទេសចិននៅតែឈរលំដាប់លេខ១ ដោយនាំចូលអង្ករពីកម្ពុជាជាង២០ម៉ឺនតោន, លេខ២ប្រទេសបារាំងជាង៧ម៉ឺនតោន និងលេខ៣ប្រទេសម៉ាឡេស៉ីជិត៣ម៉ឺនតោន។

សម្រាប់ក្រុមហ៊ុនដែលនាំចេញអង្ករបានច្រើនជាងគេ ក្នុងចំណោមក្រុមហ៊ុននាំចេញជាង៨០ក្រុមហ៊ុនរួមមាន៖ លេខ១ ក្រុមហ៊ុនបៃតងរបស់ឧកញ៉ា ភូ ពុយ មានចំនួនជាង៦.៥ម៉ឺនតោន,លេខ៣ ក្រុមហ៊ុន City Rice ជាង៤.៥ម៉ឺនតោន និងលេខ៣ក្រុមហ៊ុន Amru Rice របស់ឧកញ៉ា សុង សារ៉ន ជាង៤.៤ម៉ឺនតោន។

សូមជម្រាបថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករជិត៦៣ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ៕