(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់សភាពាណិជ្ជកម្មដែលទើបជាប់ឆ្នោតថ្មី ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារ និងពង្រឹងសមត្ថភាពបន្ថែមទៀត ឱ្យទាន់សម័យកាលបច្ចេកវិទ្យា ព្រមទាំងរៀបចំគម្រោងផែនការរបស់ខ្លួនឱ្យបានច្បាស់លាស់ និងចំគោលដៅ ដើម្បីចូលរួមការអភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់។

ការជំរុញបែបនេះ របស់លោក ផាន់ ចាន់ធុល បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសលទ្ធផលការបោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត សម្រាប់អាណត្តិទី០១ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក វេង សុ ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងសភាពាណិជ្ជកម្មកម្ពុជា និងលោក-លោក ស្រី ប្រធាន-អនុ ប្រធានមន្ទីរជុំវិញខេត្ត បេក្ខជនឈរឈ្មោះ និងអង្គបោះឆ្នោតប្រមាណជាង ២០០នាក់ផងដែរ នៅបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតនៅភូមិ ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រធាន អនុប្រធានសភាពាណិជ្ជកម្មខេត្ត ដែលទើបជាប់ឆ្នោតថ្មី ត្រូវរួមសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីដឹកនាំ វិស័យពាណិជ្ជកម្មក្នុងខេត្តប៉ៃលិន ជាពិសេសត្រូវខិតខំកៀងគរ ដៃគូវិនិយោគ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសមកចូលរួមវិនិយោគ លើសាក្តានុពលរបស់ខេត្ត ឱ្យមាន ការរីកចម្រើន ក្នុងន័យលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

នៅក្នុងឱកាសនោះដែរលោក ម៉ៅ ថូរ៉ា បានលើកឡើងថា ការបោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្ម អាណត្តិទី០១ នាពេលនេះ ដើម្បីជ្រើសរើសយកប្រធាន-អនុប្រធាន សភាពពាណិជ្ជកម្ម សម្រាប់ដឹកនាំការងារក្បាលម៉ាស៊ីន ក្នុងការអភិវឌ្ឍន៍លើវិស័យពាណិជម្ម ឱ្យបានកាន់តែមានការរីកចម្រើន ជាពិសេសជួយសម្របសម្រួល វិស័យឯកជនទាំងក្នុង និងក្រៅប្រទេសឱ្យសហការក្នុងការនាំចេញនាំចូលទំនិញ កសិផលកសិកម្ម ទំនិញផ្សេងៗ ដែលធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលលក់ និងទិញកសិផលកសិកម្មរបស់ខ្លួន ក្នុងតម្លៃសមរម្យ ដោយឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋរដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្ម សម្រាប់អាណត្តិទី០១នេះ មានចំនួនមាន២លើក មានរយៈពេល ៦ឆ្នាំ ក្នុងនោះ៣ឆ្នាំ បោះឆ្នោតម្តង ដែលមានបេក្ខជន បេក្ខនារីឈរ ឈ្មោះ ស្របតាមការណែនាំពីក្រុមការងារបច្ចេកទេស របស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មការរៀបចំបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មនៅរាជធានី/ខេត្ត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តប៉ៃលិន គឺបានចាប់ពីវេលាម៉ោង ០៨ ព្រឹករហូតដល់ម៉ោង៣ រសៀល ដែលមានការិ យាល័យចំនួន០២ ការិយាល័យ មាន បេក្ខជន ឈរ ឈ្មោះ សរុប ១៧រូប អ្នកបោះឆ្នោតសរុប ២៤៤នាក់ អ្នកមកបោះឆ្នោតសរុប ១៥៨នាក់ អ្នកមិនបានមក បោះ ឆ្នោត ៨៦នាក់ ក្នុងនោះសន្លឹកឆ្នោតទទួល បានពីគណៈគម្មការ សរុប ៣៥០សន្លឹក សន្លឹក ឆ្នោតបានប្រើប្រាស់ ចំនួន ១៥៩សន្លឹក សន្លឹកឆ្នោតខូច០១ សន្លឹក សន្លឹកឆ្នោតអនុប្បវាទ ០២ សន្លឹក សន្លឹកឆ្នោតសល់ ១៩០សន្លឹក ក្រោយរាប់សន្លឹកឆ្នោត ជាលទ្ធផល លោកឧញ៉ា ឡោ ស៊ុនជាង ទទួលការបោះ ឆ្នោតគាំទ្រច្រើន ជាងគេ ហើយក្លាយជាជាប្រធានស ភាពាណិជ្ជកម្ម ខេត្តប៉ៃលិនថ្មី សម្រាប់អាណត្តិទី០១នេះ៕