(ព្រៃវែង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋនៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេសកម្ពុជា មានការគោរពសរសើរ និងឲ្យតម្លៃខ្ពស់ពីការចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជាមួយនឹងអំណោយថ្នាំពេទ្យដល់អ្នកជំងឺ នៅតាមតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយ៉ាល ក៏ដូចជាបានលើកកម្ពស់វិស័យសុខាភិបាលមួយចំណែក។

ជាក់ស្តែងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥៥៨នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបន្តចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៤,៩០៥នាក់(បួនពាន់ប្រាំបួនរយនិងប្រាំនាក់) នៅបរិវេណសាលាបឋមសិក្សាស្វាយអន្ទរ ស្ថិតក្នុងភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តជាច្រើនរូប ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយនឹងក្រុមការងារគ្រូពេទ្យ។

លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋនោះ រួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស។ល។

លោកបន្ថែមថា ក្នុងរយៈពេល៨៤ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩) ឈានចូលឆ្នាំទី៨ គិតចាប់ពីថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ២១០លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចូលរួមចំនួន ៤,២៧៥នាក់ បានពិនិត្យនិងព្យាបាលជំងឺព្រមទាំងចែកថ្នាំ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន ៥០០,៣៥៤នាក់ ក្នុងនោះស្ត្រីមានចំនួន ៣៣៧,៣២៥នាក់។

ការងារមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ត្រូវបានថ្នាក់ដឹកនាំបណ្តារាជធានី និងខេត្ត មានការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ បន្ទាប់ការងារចិត្តធម៌មួយនេះ បានចុះពិនិត្យ និងព្យាបាល ព្រមទាំងចែកជាអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ដែលជាចំណែកមួយធ្វើឲ្យប្រជាពលរដ្ឋមានពេញចិត្តជាមួយនឹងទឹកចិត្តមនុស្សធម៌របស់លោក ហ៊ុន ម៉ានី។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ វ៉ាន់ ស៊ីរឿន រស់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងរៀបរាប់ទាំងទឹកចិត្តសប្បាយរីករាយថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលក្រុមគ្រូពេទ្យមកពិនិត្យជំងឺដល់ ខ្ញុំ និងបងប្អូនប្រជាពលរដ្ឋនៅស្រុកខ្ញុំ»

រូបគាត់បញ្ជាក់បន្ថែមថា ការដែលមកពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃពីក្រុមការងារគ្រូពេទ្យទាំងអស់ បានធ្វើឲ្យរូបគាត់មានផលចំណេញច្រើនខ្លាំងណាស់ ដោយរូបគាត់មិនបាច់ទៅណាឆ្ងាយ ដើម្បីទៅពិនិត្យសុខភាពរបស់គាត់ និងជាពិសេសគឺចំណេញថវិកាច្រើនគួរសមផងដែរ។ អ្វីកាន់តែល្អសម្រាប់រូបគាត់ទៀតនោះ គឺបានធ្វើឲ្យសុខភាពមានការធូរស្រាលច្រើនបន្ទាប់ពីបានពិសារថ្នាំសង្កូវ ដែលគ្រូពេទ្យផ្តល់ឲ្យ។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ៩៨នាក់, ជំងឺស្រ្តី១០២នាក់, ជំងឺផ្លូវចិត្ត៩៧នាក់, ជំងឺឫសដូងបាត១១៤នាក់, ជំងឺសន្លាក់ឆ្អឹង២០៥នាក់, ជំងឺរលាកសួត១២៧នាក់, ជំងឺត្រចៀក ច្រមុះបំពង់ក១៣៤នាក់, ជំងឺភ្នែក២៤១នាក់, ជំងឺសើរស្បែក១០៧នាក់, ជំងឺទឹកនោមផ្អែ២៧៩នាក់, ជំងឺមាត់ធ្មេញ១៦៨នាក់, អេកូសាស្ត្រ២២៧នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម១៨៩នាក់, វាស់ចង្វាក់បេះដូង២៦១នាក់, ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់២៧១នាក់, វិភាគឈាមនិងបន្ទប់ពិសោធន៍៧៨១នាក់, ព្យាបាលរបួសនិងវះកាត់តូច៩៣នាក់ និងជំងឺទូទៅ១,៤១១នាក់៕