(សៀមរាប)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយក្រុមគ្រូពេទ្យចិន ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកុមារអង្គរ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះទៅពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋរាប់ពាន់នាក់ នៅឃុំស្នូល ស្រុកក្រឡាញ់ ខេត្ដសៀរាប ដោយមិនគិតថ្លៃ។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានឲ្យដឹងថា សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងជាច្រើនលើកមកហើយ នៅតាមបណ្ដាឃុំ និងស្រុក នៃខេត្ដសៀមរាប។ លោកបានឲ្យដឹងថា នៅឃុំ-សង្កាត់ មានមណ្ឌលសុខភាព សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជាប្រចាំ ប៉ុន្តែការចុះមកជួយពិនិត្យ និងព្យាបាលប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ គឺជាការមកផ្តល់នូវសេវាសុខាភិបាលមួយចំនួន ដែលនៅមណ្ឌលសុខភាព មិនទាន់មាន និងបានអប់រំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចេះថែទាំសុខភាពសុខភាពជាប្រចាំ និងត្រូវប្រុងប្រយ័ត្នចំពោះ ការហូបចំណីអាហារ ដោយផ្តោតសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងការមានជំងឺផ្សេងៗ។ តាមរយៈការចុះជួយពិនិត្យជំងឺទូទៅ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននាពេលនេះ មានពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅ ពិនិត្យរោគស្រី អូសអេកូ ជំងឺភ្នែក បញ្ហាមាត់ធ្មេញ ជំងឺកុមារ ជំងឺសន្លាក់ និងជំងឺជាច្រើនទៀត។

លោក លី ជីជា អគ្គស្ថានកុងស៊ុល នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប បានថ្លែងថា ប្រទេសចិន និងកម្ពុជា គឺជាប្រទេសមានមិត្តភាព ប្រពៃណីតាំងពីយូរមកហើយ។ នៅក្នុងរយៈពេល៦១ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ដោយឡែក ផ្នែកវិស័យសុខាភិបាល ភាគីចិនបានយកចិត្តទុកដាក់ផ្តល់ជំនួយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរ។ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមគ្រូពេទ្យចិនមួយចំនួន ក៏បានមកចូលរួមជាមួយគ្រូពេទ្យកម្ពុជា ដើម្បីព្យាបាលជូនប្រជាពលរដ្ឋ ដោយឥគិតថ្លៃផងដែរ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ដែរថា សកម្មភាពដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទូទៅគ្រប់ទីកន្លែង នៅក្នុងខេត្តសៀមរាប គឺជាការជួយលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងជៀសវាងពីជំងឺ ដង្កាត់ផ្សេងៗ ពិសេសជួយកាត់បន្ថយការចំណាយទៅលើការសេវាព្យាបាល។

លោកបានបន្ដថា ក្រុមគ្រូពេទ្យមនុស្សធម៌នេះ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ពីសុខភាពប្រជាពលរដ្ឋជាសំខាន់។ បើទោះបីមានមណ្ឌលសុខភាព និងស្រុកប្រតិបត្ដិនៅក្បែផ្ទះប្រជាពលរដ្ឋហើយក្តី។ លោកក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យចិន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីសុខភាពប្រជាពលរដ្ឋនៅថ្ងៃនេះ។

បើតាមរបាយការណ៍ ក្រោយការពិនិត្យ និងព្យាបាលជំងឺក្នុងរយៈពេលពេញមួយថ្ងៃនេះ គឺមានលទ្ធផល ដូចខាងក្រោម៖ ពិគ្រោះជំងឺមនុស្សធំ សរុប៥២៦ករណី, ពិគ្រោះជំងឺកុមារ សរុប១៦០ករណី, ពិនិត្យភ្នែក សរុប១៨២ករណី, មន្ទីរពិសោធន៍ សរុប៤០០ករណី, ពិនិត្យធ្មេញ សរុប២៥ករណី, ថតអិករ៉េ (X.Ray) សរុប៣០ករណី, ព្យាបាលចលនា សរុប៣៥ករណី, ពិនិត្យអេកូ (E.Cho) សរុប៤២ករណី, ចាក់ម្ជុលវិទ្យាសាស្ត្រ សរុប៥២ករណី៕