(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ នៅប្រទេសអេស្ប៉ាញ បានធ្វើឡើងក្រោមមូលបទ «អាស៊ី និង អឺរ៉ុប៖ រួមគ្នាដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព» ដែលពិភាក្សារិះរកមធ្យោបាយ ដើម្បីធ្វើឲ្យប្រព័ន្ធពហុភាគីនិយមដំណើរការឡើងវិញ និងដើម្បីកសាងការតភ្ជាប់ប្រកបដោយនិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់ទ្វីបទាំងពីរ គឺ អាស៊ី និងអឺរ៉ុប។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាន និងកំពុងដឹកនាំគណៈប្រតិភូ ចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ (ASEM FMM14) នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ ASEM FMM14 ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងសុន្ទរកថាប្រកបដោយខ្លឹមសារ ដោយផ្តោតជាសំខាន់ទៅលើបញ្ហាសមភាពយេនឌ័រ និងតួនាទីរបស់ស្រ្តីនៅក្នុងសន្តិភាពនិងសន្តិសុខ ជាពិសេសនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN PKO)។

កិច្ចប្រជុំ ASEM គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ដោយផ្តោតលើសសរស្តម្ភបី គឺ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

កម្ពុជាបានក្លាយជាសមាជិក ASEM នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០០៤។ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ដែលនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយថែមទៀតសម្រាប់កម្ពុជា ហើយក៏ជាការបង្ហាញពីតួនាទីដ៏សកម្ម និងប្រកបដោយការស្ថាបនានៅក្នុងក្របខ័ណ្ឌ ASEM ៕