(តាកែវ)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ តម្លៃជាង១១ម៉ឺនដុល្លារ ត្រូវបានសាងសង់រួចជាស្ថាពរ ហើយត្រូវបានរៀបចំពិធីសែនក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដីដើម្បីទទួលយកអគារ។ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជានេះ ជាអំណោយរបស់លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ និងក្រុមគ្រួសារ។

ពិធីក្រុងពាលីបិទការសាង់សង់នេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ មានការចូលរួមពី លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ និងលោកស្រី, លោក តឹប អឿន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំចារ, លោក អ៉ិត សារ ប្រធានគណកម្មាធិការគណបក្សស្រុក, លោក ឈាវ ហ៊ អនុប្រធានគណបក្សស្រុក និងសមាជិក ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គួរជម្រាបថា ដំណើរការសាង់សង់ស្នាក់ការគណបក្សនេះ ប្រើពេលអស់៤៥សប្តាហ៍ ចំណាយទឹកប្រាក់ចំនួន ១១៩,០០០.៤៣ដុល្លារ។ លោក ហេង វ៉ាន់ដា បានគូសបញ្ជាក់ថា មូលហេតុដែលលោកចូលរួមសាងសង់អគារគណបក្សនេះ ព្រោះយល់ថា គណបក្សប្រជាជនជាអ្នករក និងថែរក្សាសន្តិភាព នាំមកនូវភាព សំបូរសប្បាយដល់សព្វថ្ងៃនេះ ដូច្នេះត្រូវមានការចែករំលែកដើម្បីបក្សរឹងមាំ និងតបស្នងសងគុណបក្ស ដើម្បីបក្សធ្វើជាកន្លែងបណ្តុះបណ្ដាល ធនធានមនុស្ស៕