(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសពីការតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត ហៅកាត់ថា លធ.ខប (PEC) ចំនួន ៣៥នាក់ ជំនួសប្រធាន-អនុប្រធានចាស់នៅតាមរាជធានី-ខេត្តចំនួន ១៩ ដែលត្រូវចូលនិវត្តន៍។

រាជធានី-ខេត្តទាំង១៩នោះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកណ្ដាល ខេត្តក្រចេះ ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ។

តាមសេចក្ដីប្រកាសរបស់ គ.ជ.ប នេះជាលើកដំបូងហើយ ដែលស្ថាប័ន គ.ជ.ប បានធ្វើពិធីប្រកាសតែងតាំងប្រធាន-អនុប្រធាន លធ.ខប ដោយសារមន្ត្រីមួយចំនួនដែលដល់អាយុចូលនិវត្តន៍ ត្រូវបញ្ចប់មុខតំណែង ហើយ គ.ជ.ប ក៏បានជ្រើសរើសមន្ត្រីរបស់ខ្លួន ដែលមានសមត្ថភាពមកជំនួសតំណែងនេះវិញដែរ។

គ.ជ.ប បានណែនាំឱ្យប្រធាន-អនុប្រធាន លធ.ខប ត្រូវយកចិត្តទុកដាក់អនុវត្តការងារមួយចំនួន ដូចតទៅ៖

* គោរពអនុវត្តតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត។

* ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ គ.ជ.ប ឱ្យបានល្អ បើមានបញ្ហាណាមួយកើតឡើង។

* ត្រូវខិតខំនាំគ្នាប្រជុំរកដំណោះស្រាយ ក្នុងករណីយល់ថាហួសពីសមត្ថកិច្ចត្រូវរាយការណ៍ជូន គ.ជ.ប ដើម្បីមានអនុសាសន៍ដឹកនាំ។

* ត្រូវបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការឱ្យបានល្អ ក្នុងភាពជាដៃគូជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។

* ត្រូវបង្ហាញតម្លាភាពរបស់ គ.ជ.ប តាមរយៈការបើកទូលាយឱ្យមានការចូលរួម និងបង្កើនកិច្ច សហប្រតិបត្តិការល្អជាមួយភាគីពាក់ព័ន្ធ។

* ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការបោះឆ្នោត ជូនដល់សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ គ្រប់រូបភាព ធានាគុណភាពច្បាស់លាស់ និងទាន់សភាពការណ៍។

* ត្រូវជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកយកព័ត៌មានជាតិ-អន្តរជាតិ ក្នុងដំណើរការបោះឆ្នោត។

សូមបញ្ជាក់ថា លេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៃខេត្តចំនួន ៥ ផ្សេងទៀត មិនមានការតែងតាំងប្រធាន-អនុប្រធាន លធ.ខប នោះទេ។ ចំពោះខេត្តសៀមរាប គ.ជ.ប បានសម្រេចតែងតាំងលោក អ៉ឹម ស៊ីណា ជាអនុប្រធាន លខប៕