(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនបុរសម្នាក់ដែលលួចធ្វើឯកសារក្លែងក្លាយពាក់ព័ន្ធរថយន្ដ (ឈៀក និងកាតគ្រី) តាមពាក្យបណ្ដឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ជនសង្ស័យមិនត្រឹមតែធ្វើឈៀក និងកាតគ្រីក្លែងក្លាយនោះទេ ពោលបន្លំទាំងគេហទំព័រផ្លូវការរបស់ក្រសួងសាធារណៈការ តាមរយៈ QR Code ថែមទៀតផង។

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញសាវតារឿង និងមុខសញ្ញារបស់ជនសង្ស័យជាសាធារណៈ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ។

លោកឧត្តមសេនីយ៍ទោ ស៉ីវ ឈាន់ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ ចាប់ខ្លួនបានកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ តាមពាក្យបណ្ដឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន។

លោកឧត្តមសេនីយ៍ទោ ស៉ីវ ឈាន់ បានបញ្ជាក់ថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៊ុន ម៉ារ៉ាឌី ហៅពៅ អាយុ៣៣ឆ្នាំ បានរៀបរាប់ថា ខ្លួនចាប់ផ្ដើមធ្វើសកម្មភាពក្លែងឯកសាររបស់ក្រសួងសាធារណៈការ មានដូចជា លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្ម (ឈៀកអាជីវកម្ម), ប័ណ្ណសម្គាល់យានយន្ដ (កាតគ្រី), លិខិតត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ (ឈៀក), ពន្ធផ្លូវប្រចាំឆ្នាំ និងឯកសារពាក់ព័ន្ធរថយន្ដមួយចំនួនទៀត។

ជនសង្ស័យបានសារភាពទៀតថា ដើមឡើយខ្លួន គឺជាអ្នករកស៉ីផ្ដិត និងថតរូបធម្មតា ក្រោយមកនៅឆ្នាំ២០១៧ ក៏ចាប់ផ្ដើមបែកគំនិតកាត់តឯកសារផ្សេងៗ ដែលពាក់ព័ន្ធនឹងរថយន្ដតាមតម្រូវការរបស់អថិតិជនដែលតែងតែប្រាប់ឲ្យខ្លួនធ្វើ ដោយទទួលបាននូវកម្រៃខ្ពស់ជាងការថតរូប។ ទើបចាប់តាំងពីឆ្នាំ២០១៧មក ខ្លួនក៏ចាប់ផ្ដើមធ្វើឯកសារក្លែងកា្លយ និងបង្កើតជាគេហទំព័រក្លែងមួយ ដើម្បីផ្ទុកទិន្នន័យដែលស្គែនតាម QR Code ដែលមាននៅលើឯកសារក្លែង។

អនុប្រធាននាយកដ្ឋានរូបនេះ បានលើកឡើងទៀតថា ក្រៅពីការឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញរបស់លោកក៏ដកហូតបាន លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មក្លែង (ឈៀកអាជីវកម្ម) ចំនួន៤៩សន្លឹក, កាតគ្រីក្លែងក្លាយ ចំនួន៨៤សន្លឹក, ប័ណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ (ឈៀក) ១២៥សន្លឹក ព្រមទាំងពន្ធផ្លូវ និងឯកសារមួយចំនួនទៀត។

បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យ ប៉ុន ម៉ារ៉ាឌី ហៅពៅ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន។ ជនត្រូវចោទត្រូវបានដោយដាក់ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ «បញ្ជូល លុបបំបាត់ ឬកែប្រែដោយទុច្ចរិតនូវទិន្នន័យ (គេហទំព័រ ក្រសួងសាធារណៈការ និងដឹកជញ្ជូន)» ប្រព្រឹត្តនៅចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ និងបទ «ក្លែងបន្លំឯកសារសាធារណៈ»