(ព្រះវិហារ)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា បានសម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេស ចំនួន១៥អណ្តូង ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៣២គ្រួសារ រស់នៅក្នុងភូមិចំនួន៧ នៃឃុំម្លូព្រៃ១ ឃុំម្លូព្រៃ២ និងឃុំសង្កែ២ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា និងលោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាពរបស់ លោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំពុះ សម្អាតបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ដោយសារតំបន់នេះអាចប្រឈមនឹងគ្រោះរាំងស្ងួត និងរួមគ្នាថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាត ទាំងនេះឱ្យបានគង់វង្សយូរអង្វែងតទៅ។
ទន្ទឹមនឹងនោះ លោក យ៉ុង គឹមហ៊ាន នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩នេះ ខេត្តព្រះវិហារ បានទទួលអណ្តូងទឹកស្អាតសរុបចំនួន២៣៥អណ្តូង ពីកាកបាទក្រហមកម្ពុជា ហើយជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ លោកបានសំដែងនូវក្តីរំភើបរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៦០នាក់ ដែលចូលរួមក្នុងពិធីសម្ពោធអណ្តូងនោះ ក៏ទទួលបានក្នុងម្នាក់ៗ សារុង១ ក្រមា១ និងថវិកា២ម៉ឺនរៀលជាអនុស្សាវរីយ៍ដែរ៕