(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញកង្វល់ចំពោះ សង្រ្គាមពាណិជ្ជកម្មលើផលិតផលដូងប្រេង រវាងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ជាមួយសហភាពអឺរ៉ុប ហើយជឿជាក់ថា សង្រ្គាមពាណិជ្ជកម្មនេះ នឹងបន្តរហូតមិនងាយបញ្ចប់នោះទេ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោបានកត់សម្គាល់ថា ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយជាបន្តបន្ទាប់ អំពីសង្គ្រាមពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី និងអឺរ៉ុប ដែលក្នុងនោះមានការប្តឹងគ្នាទៅវិញទៅមក ហើយទំនិញអឺរ៉ុបត្រូវបានបិទមិនឱ្យនាំចូលប្រទេសឥណ្ឌូនេស៊ី ដែលជាការឆ្លើយតបនឹងវិធានការសហភាពអឺរ៉ុប បានធ្វើចំពោះឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងផលិតផលដូងប្រេង។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «នេះក៏ជាកង្វល់ដែរ ព្រោះវាសុទ្ធតែជាបញ្ហា ក្នុងទំនាក់ទំនងរវាងតំបន់មួយទៅតំបន់មួយ ប្រទេសមួយទៅប្រទេសមួយ ក៏ប៉ុន្តែរឿងសង្រ្គាមដូងប្រេងរវាងឥណ្ឌូនេស៊ី ម៉ាឡេស៊ី ជាមួយអឺរ៉ុប គឺនឹងបន្តរហូត ដល់មានវិធានការឆ្លើយតបពីសំណាក់ឥណ្ឌូនេស៊ីទៅកាន់អឺរ៉ុប»។
ឥណ្ឌូនេស៊ី ជាប្រទេសលំដាប់លេខ១ ខណៈដែលម៉ាឡេស៊ី ស្ថិតនៅលំដាប់លេខ២ ក្នុងការនាំចេញផលិតផលដូងប្រេង ទៅកាន់ទីផ្សារពិភពលោក។ ប្រទេសទាំងពីរកំពុងរងការគំរាម កំហែងដោយសហភាពអឺរ៉ុប។ នាពេលកន្លងទៅ គណៈកម្មការអឺរ៉ុប បានសម្រេចថាការប្រើប្រាស់ប្រេងដូង គឺជាការជំរុញឲ្យមានការកាប់បំផ្លាញព្រៃឈើហួសហេតុ ហើយវាគួរតែត្រូវបានលុបចោល។
នៅដើមខែធ្នូនេះ ឥណ្ឌូនេស៊ីបានដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងសហភាពអឺរ៉ុប ក្នុងផែនការកាត់បន្ថយជីវឥន្ធនៈពីប្រេងដូងសម្រាប់រថយន្ត។ ការដាក់ពាក្យ ប្តឹងនេះអាចបង្កើនជម្លោះពាណិជ្ជកម្មឲ្យកាន់តែខ្លាំងឡើងរវាងប្រទេសឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប ដែល មាន ផែនការបញ្ចប់ការប្រើប្រាស់ ជីវឥន្ធនៈរបស់ខ្លួន នៅត្រឹមឆ្នាំ២០៣០។
ប្រទេសឥណ្ឌូណេស៊ីបានគំរាមធ្វើការសងសឹក ហើយបានដាក់វិធានការផ្អាកមិនឱ្យនាំចូលគ្រឿងស្រវឹងរបស់សហភាពអឺរ៉ុប ទៅកាន់ប្រទេសរបស់ខ្លួននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា «គ្រឿងស្រវឹងភាគច្រើន គឺនាំតែពីអឺរ៉ុប អញ្ចឹងដល់ឥឡូវ ឥណ្ឌូនេស៊ី Block មកដល់ហើយ គឺមិនឱ្យយកចូល»។
តាមគណៈកម្មការអឺរ៉ុប បានឱ្យដឹងថា ទីផ្សារប្រេងឥន្ទនៈ(Biodiesel) របស់សហភាពអឺរ៉ុបមានតម្លៃប្រមាណ ៩ពាន់លានអឺរ៉ូ (១៣.៥ពាន់លានដុល្លារ) ក្នុង១ឆ្នាំៗ មានការនាំចូលពីប្រទេសឥណ្ឌូនេស៊ី តម្លៃប្រហែល ៤០០លានផោន។ កាលពីឆ្នាំមុន ប្លុកនេះបានប្រើប្រាស់ប្រេងដូងជាង៧លានតោនដោយ ៦៥% ប្រើសម្រាប់ថាមពលរបស់ខ្លួនទាំងមូល៕