(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហាញនូវមោទនភាព ចំពោះចំណូលថវិកាជាតិរបស់កម្ពុជា តាមរយៈចំណូលដែលប្រមូលពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ដែលគិតមកដល់ពេលនេះ ស្ថានប័នទាំង២នេះ បានប្រមូលចំណូលពន្ធលើសផែនការ ដែលកំណត់ដោយច្បាប់ថវិកា រហូតដល់ជាង១៤០០លានដុល្លាររួចជាស្រេច។
ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមក ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ២៧៩០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ជាភ័ព្វសំណាងដែរ ក្នុងការប្រមូលចំណូលឆ្នាំនេះ ដែលមកដល់ពេលនេះ គឺបានលើសពី១៤០០លានដុល្លាររួចស្រេចទៅហើយ។ ផ្នែកគយ គិតត្រឹមថ្ងៃទី២៥ ខែធ្នូម្សិលមិញនេះ លើស៩២០លានដុល្លារ បានសេចក្តីថា លើសច្បាប់ថវិកានៃការប្រមូលចំណូល នេះក៏បានមកពីការកំណែទម្រង់ហរិញ្ញវត្ថុសាធារណៈ ដែលផ្តល់ឲ្យប្រាក់ចំណូលគ្រាន់តែគយមួយ គិតត្រឹមពីម្សិលមិញលើសផែនការជាង៩០០លានដុល្លារស្រេចទៅហើយ អីចឹងសល់ប៉ុន្មានថ្ងៃទៀត ដែលជាមធ្យមគឺ ១០លានដុល្លារក្នុង១ថ្ងៃ។ ហើយពន្ធដារក្នុងប៉ុន្មានថ្ងៃមុននោះ បានធ្វើរបាយការណ៍មកថា លើសផែនការ៥១៣លានដុល្លាររួចស្រេចទៅហើយ បើគិតទាំងគយ និងពន្ធដារ ចំណូលសើស១៤០០លានដុល្លារ»។
ក្នុងច្បាប់ថវិកា ឆ្នាំ២០១៩ កំណត់ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលឲ្យបាន២,២៦០លានដុល្លារ ប៉ុន្តែពេលនេះគយបានរកចំណូលលើសច្បាប់ថវិកា រហូតដល់ជាង៩០០លានដុល្លារ។ ចំណែកអគ្គនាយកដ្ឋានពន្ធដារ ច្បាប់ថវិកាឆ្នាំ២០១៩ កំណត់ឲ្យប្រមូលចំណូលឲ្យបាន២,២៨៨លានដុល្លារ ប៉ុន្តែពេលនេះពន្ធដារប្រមូលចំណូលបានលើសច្បាប់ថវិការហូតដល់ជាង៥០០លានដុល្លារ។
កំណើនខ្ពស់នៃការប្រមូលចំណូលពន្ធគយ និងពន្ធដារនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថាកើតចេញពីការធ្វើកំណែទម្រង់ហរិញ្ញវត្ថុសាធារណៈ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះពាក់ព័ន្ធកំណើនសេដ្ឋកិច្ចវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ដែលក្នុងឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជា រំពឹងថាសម្រេចបានក្នុងអត្រាខ្ពស់៧.១ភាគរយ។
សម្តេចតេជោបានថ្លែងថា «ការវាយតម្លៃសេដ្ឋកិច្ចរបស់កម្ពុជារហូតដល់ខែ៦ [ខែមិថុនា-២០២០] ទើបបញ្ចប់នូវការវាយតម្លៃពិតប្រាកដ។ ឥឡូវនេះ គឺសេដ្ឋកិច្ចរបស់យើងសម្រេចដូចការគ្រោងទុក៧.១ភាគរយ ដែលជាអត្រាខ្ពស់មួយ ក្នុងក្របខណ្ឌប្រទេសក្នុងតំបន់របស់យើង»។
សូមជម្រាបថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិល្បីៗមួយចំនួនដូចជា ធនាគារពិភពលលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សុទ្ធតែបានវាយតម្លៃថាសេដ្ឋកិច្ចរបស់កម្ពុជា ឆ្នាំ២០១៩ នឹងសម្រេចបានកំណើនក្នុងអត្រា៧ភាគរយ។ វិស័យដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រដោយការ បន្តកំណើនខ្ពស់នៃការនាំចេញ តម្រូវការក្នុងស្រុកខ្លាំង និងការរីកចម្រើនវិស័យសំណង់៕