(ភ្នំពេញ)៖ ពាក្យពេចន៍មិនសមរម្យ ក៏ដូចជាឈ្មោះថ្នាក់ដឹកនាំ ស្ថាប័នជាតិ ខេត្ត និងទីតាំងប្រវត្តិសាស្ត្រជាដើម នឹងមិនត្រូវអនុញ្ញាតឱ្យមាននៅលើ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នោះឡើយ។ នេះជាការបញ្ជាក់របស់លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអ្នកទទួលបន្ទុកលើការងារ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន»។

ការបញ្ជាក់របស់លោកស្រី កុយ សុដានី បានធ្វើឡើងបន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមមួយចំនួន បានព្យាយាមវាយពាក្យពេចន៍មិនសមរម្យ និងអាសអាភាសមួយចំនួននៅលើ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ ហើយយកមកចែកចាយលើបណ្តាញសង្គមជាមួយការសរសេរលែបខាយ និងចំអកក្នុងលេងសើចផ្សេងៗ។

លោកស្រី កុយ សុដានី បានអះអាងថា នៅពេលបង្កើតប្រព័នអនឡាញមក គឺក្រុមការងារបច្ចេកទេស បានបិទអស់ហើយនូវពាក្យមិនសមរម្យជាភាសាអង់គ្លេសមួយចំនួន ដោយយោងទៅតាមវចនានុក្រម Oxford។ ប៉ុន្តែក្រុមការងារបច្ចេកទេសនៅចន្លោះប្រហោងចំពោះការសរសេរតាមការប្រកបជាពាក្យខ្មែរមិនសមរម្យមួយចំនួន។

បើតាមលោកស្រី កុយ សុដានី បន្ទាប់ពីឃើញមានការសរសេរនូវពាក្យពេចន៍មិនសមរម្យទាំងនេះ ក្រុមការងារបច្ចេកទេសបានចូលទៅបិទនៅក្នុងកម្មវិធីមិនឱ្យវាយចេញទៀតនោះឡើយ។ បើទោះបីជាយ៉ាងណាក៏អាចនៅមានពាក្យមួយចំនួនទៀត ដែលនៅចន្លោះប្រហោង ហើយបិទមិនទាន់អស់។

លោកស្រី កុយ សុដានី បានអះអាងថា បើទោះបីពាក្យខ្លះបិទមិនទាន់អស់ ហើយមានអ្នកបញ្ជាទិញ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យនេះ គឺក្រសួងមិនលក់ឱ្យនោះឡើយ។

លោកស្រីរដ្ឋលេខាធិការរូបនេះ ក៏បានបញ្ជាក់ដែរថា ក្រៅពីពាក្យពេចន៍មិនសមរម្យទៅ ឈ្មោះថ្នាក់ដឹកនាំ ឈ្មោះស្ថាប័នជាតិ ឈ្មោះទីតាំងប្រវត្តិសាស្ត្រ និងខេត្តជាដើម នឹងមិនត្រូវអនុញ្ញាតឱ្យមាននៅលើ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះផងដែរ។

សូមបញ្ជាក់ថា «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។

ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ តម្លៃថ្លៃទាប ឬខ្ពស់ អាស្រ័យទៅតាមប្រភេទលេខ ឬតួអក្សរ ពោលបើលេខ ឬតួអក្សរ ៨ខ្ទង់មានតម្លៃធូរថ្លៃ តែបើចំនួនលេខ ឬតួអក្សរកាន់តែតិច តម្លៃក៏កាន់តែថ្លៃផងដែរ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់រថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបង្កើតឱ្យមាន «ផ្លាកលេខរថយន្តពិសេសនេះ» ដើម្បីបំពេញតម្រូវការ បន្ថែមទៀត ជូនប្រជាពលរដ្ឋដែលចង់ប្រើប្រាស់ផ្លាកពិសេសផ្ទាល់ខ្លួន ដូចជាចង់ដាក់ឈ្មោះ ឬលេខពិសេសដែលខ្លួនពេញចិត្ត។ ក្រៅពីបង្កើតជម្រើសសម្រាប់អ្នកប្រើប្រាស់ រថយន្តហើយនោះ ការរៀបចំឱ្យមានផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួននេះ ក៏ដើម្បីចូលរួមស្វែងរកចំណូលពីការលក់ផ្លាកលេខជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងពង្រឹងដល់ការគ្រប់គ្រងយានយន្តនៅកម្ពុជាផងដែរផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមករា ពោល៣ថ្ងៃក្រោយការប្រកាសលក់ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» លក់បានជាង ១០០ផ្លាក ដោយទទួលបានថវិកាប្រមាណជា ១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជាចំណូលជាតិ៕