(ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ កម្មករទាំងអស់នឹងមិនអនុញ្ញាតឱ្យស្នាក់នៅក្នុងអគារកំពុងសាងសង់ទៀតទេ បន្ទាប់ពីមានករណីរលំបាក់អគារ២លើក ដែលបណ្តាលឱ្យកម្មករដែលស្នាក់នៅក្នុងអគារនេះជាច្រើននាក់ស្លាប់ និងរបួស។ នេះបើតាមសេចក្តីណែនាំរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សេចក្តីណែនាំរបស់ក្រសួងនេះ បានបញ្ជាក់ថា៖ «ហាមដាច់ខាតការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់»។
ការហាមប្រាមក្នុងការស្នាក់នៅក្នុងអគារនេះ បានធ្វើឡើងបន្ទាប់ពីមានករណីរលំបាក់អគារ៧ជាន់ នៅខេត្តកែប កាលពីដើមខែមករា កន្លងទៅនេះ បណ្តាលឱ្យកម្មករដែលស្នាក់នៅក្នុងអគារនេះចំនួហន ៣៦នាក់ស្លាប់ និង២៣នាក់រងរបួសធ្ងន់ស្រាល។ កាលពីខែមិថុនា ឆ្នាំ២០១៩ ករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ ក៏បណ្តាលឱ្យកម្មករដែលស្នាក់នៅក្នុងអគារនោះស្លាប់ចំនួន២៨នាក់ និងអ្នករបួស២៦នាក់ផងដែរ។
ក្រៅពីហាមកម្មករដែលស្នាក់នៅក្នុងអគារកំពុងសាងសង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានហាមដាច់ខាតនូវការសាងសង់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាត បើកការដ្ឋានសំណង់, ហាមដាច់ខាតការអនុវត្តការងារសាងសង់ ឬ រុះរើដោយអ្នកសាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ ការអនុញ្ញាតឱ្យប្រកបអាជីវកម្មផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ហាមដាច់ខាតការដ្ឋានសំណង់ដែលដំណើរការសាងសង់ ឬ រុះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ និងហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬលិខិតបិទការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចផងដែរ។
ក្នុងសេចក្តីណែនាំនេះ ក្រសួងបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តន៍លើគោលការណ៍ និងវិធានការចំនួន៥ផ្សេងទៀតរួមមាន៖ លិខិតអនុញ្ញាតសាងសង់ ជួសជុល និងរុះរើ, លិខិតអនុញ្ញាតបើកការដ្ឋានសំណង់, ការរៀបចំការដ្ឋាន, ដំណើរការដ្ឋានសាងសង់ និងការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់។
ក្រៅពីចេញសេចក្តីណែនាំនេះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញសេចក្តីសម្រេចមួយ ដោយចាត់តាំងមន្រ្តីជាច្រើន ដើម្បីត្រួតពិនិត្យសំណង់នៅទូទាំងប្រទេសផងដែរ៕