(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានសរុបជិត៦ពាន់នាក់។ ពិធីជួបជុំអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាលើកទី៤នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះដែរ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។

ខាងក្រោមជាប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជិត៦ពាន់នាក់៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំថ្ងៃនេះ ដើម្បីពង្រឹងវិស័យព័ត៌មានដែលជាចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្រាប់ការអបអរសាទរថ្ងៃខួបឡើងធ្វើជានាយករដ្ឋមន្ត្រីរបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំជំនួបចំថ្ងៃ១៤ មករា មិនមែនជាការរៀបចំ ដែលមានចេតនាឱ្យចំថ្ងៃខួបឡើងធ្វើជានាយករដ្ឋមន្ត្រីរបស់សម្តេចនោះទេ។ គឺគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ខែមករា គឺពាក់ព័ន្ធនឹងប្រវត្តិជីវិតរបស់សម្រេច និងជាតិរហូតដល់ទៅ៣៨។

* រឿងរ៉ាវទាំង៨ ដែលពាក់ព័ន្ធនឹងជីវិត ក៏ដូចជាប្រវត្តិរបស់ជាតិនោះរួមមាន៖ ទី១ គឺខួបនៃការរំដោះជាតិ, ទី២ ខួប៤១ឆ្នាំ ក្លាយខ្លួនជារដ្ឋមន្ត្រីការបរទេសក្នុងវ័យមិនដល់២៦ឆ្នាំ, ទី៣ ខួបលើកទី៣៥ នៃការក្លាយខ្លួនជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ, ទី៤ ខួប៣២ឆ្នាំនៃការចរចារវាងសម្តេច និងសម្តេចនរោត្តម សីហនុ, ទី៥ ខួប២៤ឆ្នាំ នៃការចាប់ផ្តើមអនុវត្តន៍នយោបាយឈ្នះឈ្នះ, ទី៦ ខួប៤៤ឆ្នាំនៃការប្រែក្លាយខ្លួនពីកំលោះទៅជាអ្នកមានភរិយា, ទី៧ ខួប២០ឆ្នាំ ក្លាយជាជីតារបស់ចៅស្រីលើកដំបូង, ទី៨ គឺកូនប្រុសស្រី៤គូ រៀបការនៅក្នុងខែនេះរួមគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវកាន់តំណែងប្រមាណ១០ឆ្នាំទៅមុខទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើលោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងក្លាយជានាយករដ្ឋមន្ត្រី គឺត្រូវរង់ចាំរហូតដល់ទៅឆ្នាំ២០២៨ ឬ២០២៩ ឬ២០៣០ ទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា គ្មានរបបផ្ទេរអំណាចពីឪពុក ទៅកូននោះឡើយ គឺត្រូវតែធ្វើឡើងតាមរយៈការបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើពេលនេះត្រូវប្តូរនាយករដ្ឋមន្ត្រី ក៏មិនទាន់ដល់ពេលលោក ហ៊ុន ម៉ាណែត ត្រូវធ្វើនាយករដ្ឋមន្ត្រីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអត់ឱនឱ្យជនណាប្រមាថសម្តេច និងកូនប្រុសនោះឡើយ។

* សម្តេចតេជោ ចោទសួរទៅជនបរទេសទាំងឡាយថា តើអាចទទួលយកបានទេ បើមានការប្រមាថដល់ភរិយា និងកូនរបស់ពួកគេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្រោយ «ហ៊ុន សែន» គឹ «ហ៊ុន សែន»។

* សម្តេចតេជោ ហ៊ុន សែន ក៏សុំឱ្យបញ្ចប់ការនិយាយពីការប្រឹងប្រែងផ្ទេរអំណាចទៅឱ្យកូន ព្រោះសម្តេចត្រូវកាន់តំណែងនាយករដ្ឋមន្ត្រីយ៉ាងតិចបំផុត១០ឆ្នាំទៅមុខទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់អាចរស់ទៅបាន គឺត្រូវពឹងផ្អែកលើការផ្សាយពាណិជ្ជកម្ម។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងអស់ ដែលជួយធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយអាចដំណើរការបាន។

* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រុមហ៊ុននានា ជួយគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលបានខិតខំផ្សព្វផ្សាយ និងចូលរួមក្នុងការថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមរបស់ព័ត៌មានទាំងអស់ បានចូលរួមដល់ការរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់បែកអាចបំផ្លាញផ្ទះ និងភូមិមួយ តែបើការផ្សាយព័ត៌មានបំភ្លៃការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ជាតិទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមានការប៉ះទង្គិចគ្នារវាងអាមេរិក និងអ៉ីរ៉ង់ រឿងដែលសម្តេចធ្វើមុនគេ គឺដាក់បញ្ជាឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មទប់តម្លៃប្រេងនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គឺចំណងខ្សែមួយដែលមានមុខពីរ ដែលត្រូវតែរក្សាឱ្យបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល និងស្ថាប័នព័ត៌មានជាដៃគូដែលមិនអាចខ្វះគ្នាបាន។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំលើកកម្ពស់សារព័ត៌មាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នទាំងអស់ ដែលបានខិតខំផ្សព្វផ្សាយនូវការងាររបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានឆ្លើយដោយផ្ទាល់ជាមួយអ្នកព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញរដ្ឋមន្ត្រី ថ្នាក់ដឹកនាំទាំងអស់យកគំរូតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីបើមិនចេះកុំព្យូទ័រ ក៏ត្រូវចេះឱ្យអស់លើការប្រើប្រាស់ស្មាតហ្វូនផងដែរ ដើម្បីប្រសិទ្ធភាពការងារ។

* សម្តេចតេជោ ហ៊ុន សែន សម្តែងការខកចិត្តចំពោះអ្នកផ្សាយតាម Facebook ដែលផ្សព្វផ្សាយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មចំពោះអ្នកដែលផ្សាយតាម Facebook រឿងជម្លោះគ្រួសារផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវពាក្យស្លោកជូនអ្នកព័ត៌មានថា «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។

* សម្តេចតេជោ បានថ្លែងថា ការចាប់ផ្តើមសួនច្បារមិនបានសម្រិតសម្រាំងពូជ ប្រាកដជាចេញផ្កាមកមានល្អ និងមិនល្អ ស្មៅ ដើមត្រែង តែយូរទៅស្មៅ ស្បូវ ដើមត្រែង នឹងត្រូវដកចេញ នៅសល់តែផ្កាទេ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកព័ត៌មានចូលរួមរក្សាសន្តិភាព។ បើប្រទេសមានសង្គ្រាមមិនអាចបើកការផ្សព្វផ្សាយបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សគ្រប់ត្រូវការសន្តិភាព ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន ក៏ស្នើដល់អ្នកព័ត៌មានចូលរួមថែរក្សាស្ថេរភាព និងសន្តិសុខសង្គម តាមរយៈការចូលរួមផ្សព្វផ្សាយនូវនយោបាយភូមិឃុំមានសុវត្ថិភាព។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់គ្រោះថ្នាក់ចរាចរ គឺជាការចូលរួមផ្សព្វផ្សាយនយោបាយភូមិឃុំមានសុវត្ថិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្សាយវាយបកចំពោះព័ត៌មានក្លែងក្លាយ គឺជាចូលរួមចំណែករក្សានូវស្ថិរភាពសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានស្នើអ្នកព័ត៌មានចូលរួមរក្សាសុខសន្តិភាព ស្ថិរភាព សុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

* សម្តេចតេជោ បានថ្លែងថា ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថេរិភាពសង្គម សុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺអ្នកព័ត៌មានទាំងអស់ត្រូវរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

* សម្តេចតេជោ ហ៊ុន សែន ស្នើដល់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ត្រូវមានយន្តច្បាស់លាស់លើបញ្ហាព័ត៌មាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រី អភិបាលរាជធាន ខេត្ត ត្រូវតែជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេ ក្នុងការបញ្ចេញព័ត៌មាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ សម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចក្រឡាហោម ស ខេង លោកទេសរដ្ឋមន្ត្រី ស៊ុ ន ចាន់ថុល និងអភិបាលខេត្តមួយចំនួន ដែលតែងមានភាពសកម្មក្នុងការឆ្លើយជាមួយអ្នកព័ត៌មាន។

* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យអ្នកព័ត៌មានមានការយោគយល់ចំពោះរដ្ឋមន្ត្រី អភិបាលរាជធានី ខេត្ត ដែលមានភាពមមាញឹកមិនអាចឆ្លើយជាមួយអ្នកព័ត៌មាន នៅពេលមានកិច្ចប្រជុំ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ដល់មន្ត្រីកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ គឺត្រូវចាត់ទុកជាដៃគូមិនអាចខ្វះបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវបានគេចាត់ទុកជាតារារះលើទំព័រព័ត៌មានតាំងពីឆ្នាំ១៩៨២មកម្ល៉េះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកព័ត៌មានជាអ្នកធ្វើឱ្យគេស្គាល់សម្តេចនៅលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានភាពធូរស្រាលបន្តិចក្រោយពេលម្តាយក្មេកបានប្រសើរពីជំងឺ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋមន្ត្រី និងអភិបាលខេត្ត បើមានភាពចាំបាច់ត្រូវចេញមុខបកស្រាយដោយផ្ទាល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចឈប់ផ្តល់បទសម្ភាសន៍ជាមួយ VOA ព្រោះតែការកាត់សំឡេងសម្ភាសន៍របស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបណ្តាញព័ត៌មាន Fresh News សម្រាប់ផ្តល់បទសម្ភាសន៍ផ្តាច់មុខនាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនដោយសារតែលេសរក្សាសន្តិសុខជាតិ ហើយបិទគ្រប់ព័ត៌មាននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ស្ថាប័នព័ត៌មាន និងអ្នកព័ត៌មានធ្វើជាស្ពានចម្លងរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកព័ត៌មានមិនត្រឹមតែជួយផ្សព្វផ្សាយនូវគោលនយោបាយនានានោះទេ តែក៏គួរតាមដានមើលការអនុវត្តន៍គោលនយោបាយនោះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអាចយកគំរូ ឬ ធ្វើតាមប្រទេសណាមួយនោះទេ។

* សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកព័ត៌មានចូលរួមកាន់តែច្រើន កាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធភាពអសកម្ម អំពើពុករលួយ និងអយុត្តិធម៌ក្នុងសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌សង្គម វាប៉ះពាល់ដល់ស្ថិរភាពសង្គម និងជម្លោះប្រដាប់អាវុធ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបញ្ជាទៅលោក កែវ រ៉េមី និងនាយឧត្តមសេនីយ៍ សៅ សុខា ស៊ើបអង្កេតលើករណីមនុស្សស្លាប់នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានអះអាងថា ស្លាប់ដោយសាររងការធ្វើទារុណកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើមានការធ្វើទារុណកម្មមនុស្សរហូតដល់ស្លាប់មែននោះ គឺត្រូវតែចាប់ខ្លួនមកផ្តន្ទាទោស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គមមួយគ្មានភាពអយុត្តិធម៌ គឺជាសង្គមនាំឱ្យមានសុខុដុមនីយកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រព្រឹត្តអំពើអយុត្តិធម៌នឹងត្រូវថមថយនៅពេលមានការផ្សព្វផ្សាយ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យអ្នកព័ត៌មានចូលរួមប្រយុទ្ធជាមួយព័ត៌មានក្លែងក្លាយ ដោយបញ្ចេញនូវព័ត៌មានពិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវត្រៀមលក្ខណៈសម្បត្តិបញ្ចប់ការផ្សាយតាមប្រព័ន្ធអាន់ណឺឡក់ ទៅជាប្រព័ន្ធឌីជីថលនៅត្រឹមឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងត្រូវចេញនៅក្នុងឆ្នាំ២០២០នេះ។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការខិតខំបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មានទាំងចំណេះដឹង និងសីលធម៌វិជ្ជាជីវៈ។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យស្ថាប័នព័ត៌មាននីមួយៗបើកវគ្គបំប៉នបន្ថែមដល់បុគ្គលិករបស់ខ្លួន ឬផ្តល់ឱកាសឱ្យទៅរៀនបន្ថែម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសម្តេចបញ្ចប់ជីវិតនយោបាយ សម្តេចនឹងធ្វើជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន។

* សម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនយកថ្លៃលើការប្រើប្រាស់ហ្វ្រេកង់តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

* សម្តេចតេជោ ហ៊ុន សែន សម្រេច ផ្តល់មេធាវីស្ម័គ្រចិត្តរបស់សម្តេចជួយការពារក្តីឱ្យអ្នកព័ត៌មាន តែត្រូវពិនិត្យលើអង្គហេតុឱ្យសមស្រប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អ្នកព័ត៌មានមកពីគ្រប់និន្នាការ ដែលបានចូលរួមពិសាអាហារសាមគ្គី។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកថ្ងៃ១៤ មករា ជាថ្ងៃជំនួបរវាងសម្តេច និងអ្នកសារព័ត៌មានរៀងរាល់ឆ្នាំ។

* សម្តេចបានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៩៖៤០នាទី នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០៕