(ភ្នំពេញ)៖ ដោយទាមទារការទទួលបានព័ត៌មានពិតពីប្រជាពលរដ្ឋ និងចង់បញ្ជ្រាបព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋវិញនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសារជាថ្មីដល់បណ្ដាស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងឡាយ សូមចូលរួមធ្វើជាស្ពានចម្លងព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋទៅតាមការពិតជាក់ស្ដែង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើយ៉ាងដូចនេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានសរុបជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារាត្រីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដែលពិធីនេះដែរជាលើកទី៤ហើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ស្ថាប័នព័ត៌មាន ក៏ដូចជាអ្នកយកព័ត៌មាន ត្រូវបំពេញតួនាទីជាស្ពានចម្លងពីរដ្ឋទៅប្រជាជន ពីប្រជាជនមករដ្ឋវិញ ទាំងផ្នែកគោលនយោបាយ ទាំងការអនុវត្ត»។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចក៏បានលើកសំណើ និងអនុសាសន៍រួចមកហើយដែរ កាលពីឆ្នាំ២០១៩ កន្លងទៅ។

សម្ដេចបានស្នើបន្តថា អ្នកសារព័ត៌មានក៏គួរចូលរួមចំណែកត្រួតពិនិត្យការអនុវត្តគោលនយោបាយរបស់រដ្ឋតាមរបៀបផ្សេងៗ ដើម្បីឱ្យដឹងថាការអនុវត្តនោះមានប្រសិទ្ធភាពកម្រិតណា មានគណនេយ្យភាពឬអត់។

ក្នុងករណីដែលមើលឃើញថាមិនទាន់សមស្របទេ ស្ថាប័នថ្នាក់ជាតិជាអ្នកកែតម្រូវ រាប់ទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឬអនុក្រឹត្យ ព្រះរាជក្រឹត្យ ឬច្បាប់នានា ដែលរាជរដ្ឋាភិបាលក៏អាចស្នើសុំសភាក្នុងការកែប្រែ ឬធ្វើវិសោធនកម្មបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្ដែង។

ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា ប្រសិនបើការអនុវត្តនេះធ្វើបានត្រឹមត្រូវតាមគោលនយោបាយហើយ រាជរដ្ឋាភិបាលប្រាស់ជាជំរុញការអនុវត្តឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

សម្ដេចតេជោក៏សុំការយោគយល់ពីអ្នកសារព័ត៌មានផងដែរ ដែលចំណុចខ្លះមានការខ្វះចន្លោះ ដោយសារថាគោលនយោបាយទាំងអស់មិនមែនសុទ្ធតែដាក់ចេញទៅត្រឹមត្រូវនោះទេ ពេលខ្លះក៏សមស្រប ប៉ុន្តែពេលខ្លះទៀតក៏មិនសមស្របដែរ តែរាជរដ្ឋារដ្ឋាភិបាល និងស្ថាប័នជាសេនាធិការនៅតែបន្តការកែតម្រូវជារឿយៗ។

ម្យ៉ាងទៀត កិច្ចការខ្លះទាក់ទងនឹងវិស័យការពារជាតិ សន្តិសុខផ្ទៃក្នុង ការចល័តកងទ័ព-អាវុធជាដើមនោះ មិនមែនសុទ្ធតែតម្រូវឱ្យផ្សព្វផ្សាយបាននោះទេ ពីព្រោះជាកិច្ចការការពារជាតិ និងសន្តិសុខ ជាវិស័យដែលត្រូវរក្សាការសម្ងាត់៕