(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតចំនួន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ គិតជាមធ្យមភាគក្នុងមួយថ្ងៃមានមនុស្សស្លាប់ ៥.៤នាក់។
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបង្ហាញក្នុងពិធីបូកសរុបលទ្ធផលការងាររបស់ខ្លួននាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះកើតឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៣៤៨នាក់ តាមពីក្រោយដោយខេត្តព្រះសីហនុ ស្លាប់ ១៤៩នាក់ និងខេត្តកណ្តាលស្លាប់ ១៤៣នាក់។
ក្នុងរបាយការណ៍បង្ហាញថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចររួមមាន ការបើកបរលើសល្បឿនកំណត់ ៣៨ភាគរយ, មិនគោរពសិទ្ធិ ២៣ភាគរយ, មិនប្រកាន់ស្តាំ ១៣ភាគរយ, វ៉ាជែង ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយានយន្ត ២ភាគរយ និងងងុយដេក ១ភាគរយ។
របាយការណ៍បានគូសបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរនៅឆ្នាំ២០១៩ កើនឡើង ៨៤៥លើក ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះអ្នកស្លាប់កើន ២២០នាក់ ស្មើនឹង ១២ភាគរយ ខណៈអ្នករងរបួសកើន ១,៣៧១នាក់ ស្នើនឹងប្រមាណ ២៩ភាគរយ។
របាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនេះ ភាគច្រើនជាអ្នកជិះម៉ូតូ ដែលមានចំនួន ១,៥៤២នាក់ នៃចំនួនអ្នកស្លាប់សរុប ១,៩៨១នាក់ ស្មើនឹង ៧៨ភាគរយ។ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ១,១៨៦នាក់ ស្មើនឹង ៧៧ភាគរយ។
នៅឆ្នាំ២០១៩កន្លងទៅនេះ រថយន្តដឹកកម្មករ និយោជិតជួបគ្រោះថ្នាក់ចរាចរចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៣៣៤នាក់។
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ពីបញ្ហាប្រឈមចំពោះគ្រោះថ្នាក់ចរាចរនេះ គឺជនរងគ្រោះជាអ្នកជិះម៉ូតូនៅតែមានចំនួនច្រើនរហូតដល់ ៧៨ភាគរយ, ជនរងគ្រោះជាកម្មករចំនួន ៣៤ភាគរយ កសិករ ៣៣ភាគរយ សិស្សចំនួន ១០ភាគរយ, វ័យនៃជនរងគ្រោះមានក្រោមអាយុ ១៧ឆ្នាំ ចំនួន ១១ភាគរយ ពីអាយុ ១៨ ដល់ ៤៥ឆ្នាំមានចំនួន ៧០ភាគរយ និងអាយុ ៤៦ឆ្នាំឡើង មានចំនួន ១៩ភាគរយ។
បញ្ហាប្រឈមសម្រាប់គ្រោះថ្នាក់ចរាចរទៀតនោះ គឺរចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែចង្អៀត ដោយសារកំណើនយានយន្ត ដែលមាន ៣៦ភាគរយនៅឆ្នាំ២០១៩, តម្រូវការធ្វើចរាចរណ៍ដឹកជញ្ជូនកាន់តែកើនឡើង កន្លែងខ្លះត្រូវរងការខូចខាត ឬខ្វះផ្លាកសញ្ញា, កង្វះការគ្រប់គ្រងទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងចំណីផ្លូវ បណ្តាលឱ្យផ្លូវសម្រាប់ធ្វើចរាចរណ៍កាន់តែចង្អៀត, ស្មារតីនៃការគោរពច្បាប់របស់ប្រជាពលរដ្ឋនៅមានកម្រិត នៅតែខ្លាចនគរបាលជាងខ្លាចច្បាប់, សមត្ថភាពមន្ត្រីអនុវត្តច្បាប់នៅមានកម្រិត និងគុណភាពការងារមិនទាន់ឆ្លើយតបតាមសំណូមពរដោយខ្វះមធ្យោបាយឧបករណួសម្ភារៈប្រតិបត្តិការ។
ក្រៅពីបញ្ហាខាងលើ នៅមានបញ្ហាប្រឈមចំពោះបញ្ហាគ្រោះថ្នាក់ចរាចរមួយចំនួនទៀត ដូចជាការគ្រប់គ្រងមធ្យោបាយមួយចំនួននៅមានចន្លោះប្រហោង មិនអាចរកឃើញម្ចាស់យានយន្តមួយចំនួន តាមរយៈទិន្នន័យដែលបានចុះបញ្ជី មកពីការមិនផ្ទេរកម្មសិទ្ធ ឬការផ្លាស់ទីលំនៅដោយគ្មានដំណឹង, កង្វះគុណភាពអ្នកបើកបរដោយអ្នកបើកបរគ្មានបណ្ណបើកបរ ឬអ្នកបើកបរខុសប្រភេទយានយន្ត, ការគ្រប់គ្រងយានដ្ឋានជួសជុល និងកែច្នៃដំឡើងយានយន្តមានភាពចន្លោះប្រហោង។ ក្នុងនោះមានយានដ្ឋានអត់ច្បាប់ចំនួន ៧៣២ទីតាំង លើទីតាំងសរុប ៣,៦០៧ទីតាំង៕